ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថាបើកសិក្ខាសាលា ស្តីពី “ការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ៖ ការត្រួតពិនិត្យលើផែនការការងារស្តីពីការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”

ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៦:០៣ នាទី ល្ងាច

👁 14

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងកម្មវិធីសិក្ខាសាលា ស្តីពី “ការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ៖ ការត្រួតពិនិត្យលើផែនការការងារស្តីពីការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី (Asian Trade Centre-ATC) និងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ពាណិជ្ជកម្ម និងវិយោគ TradeWorthy ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីបណ្តារដ្ឋសមាជិកអាស៊ាន តំណាងមកពីអង្គការ និងវិស័យឯកជននានាជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី (ATC) និងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ពាណិជ្ជកម្ម និងវិយោគ TradeWorthy ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងគោលបំណងដើម្បីបង្ហាញជូនភាគីពាក់ព័ន្ធទាំងអស់អំពី ផែនការការងារលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រសិទ្ធភាពនៃការអនុវត្តផែនការនេះ ដែលនឹងជួយដោះស្រាយនូវគំលាតទាំងឡាយទាក់ទងនឹងបទប្បញ្ញត្តិ និងលើកកម្ពស់ក្របខ័ណ្ឌគោលនយោបាយរួមសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់ ក៏ដូចជាដោះស្រាយបញ្ហាទូទៅចំពោះការចូលរួមរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យមក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងការជំរុញសមាហរណកម្មតំបន់នៃសេដ្ឋកិច្ចឌីជីថលជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា សេដ្ឋកិច្ចឌីជីថល ឬពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានក្លាយជាទិដ្ឋភាពដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដោយសារតែកំណើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងនៅគ្រប់បណ្តារដ្ឋក្នុងតំបន់អាស៊ាន ដូច្នេះហើយអាស៊ានបានរួមគ្នាចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាកិច្ចព្រមព្រៀងតំបន់ដ៏មានសារៈសំខាន់ និងត្រូវបានចុះហត្ថលេខាដោយបណ្តារដ្ឋសមាជិកអាស៊ាន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលកិច្ចព្រមព្រៀងនេះ មានគោលបំណងបីសំខាន់ៗ រួមមាន ៖ ដើម្បីសម្រួលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ដើម្បីបង្កើតបរិយាកាសនៃការជឿជាក់ និងទំនុកចិត្តក្នុងតំបន់ និងជំរុញកំណើនប្រកបដោយបរិយាបន្ននិងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងអាស៊ានស្ពីពីពាណិជ្ជកម្មកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិក ជាក់ស្ដែងកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ និងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្ពីពីពាណិជ្ជកម្មកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។ បន្ថែមពីនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលឯកសារនេះត្រូវបានប្រើប្រាស់ជាឯកសារយុទ្ធសាស្ត្រក្នុងការបន្តបង្កើតគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០២៥។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ ចូលរួមស្តាប់នូវការធ្វើបទបង្ហាញ ដោយយកចិត្តទុកដាក់ពីវាគ្មិនសំខាន់ៗដែលនឹងផ្លាស់ប្តូរយោបល់ ទស្សនៈលើប្រធានបទ “ការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ៖ ការត្រួតពិនិត្យលើផែនការការងារស្តីពីការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” ព្រមទាំងជូនពរឱ្យអង្គសិក្ខាសាលានេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ