ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក PAUL IVAN KAMBUR នាយកក្រុមហ៊ុន ( BIOTERRA CAPITAL Co., Ltd) និងសហការី

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៧:០០ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន BIOTERRA CAPITAL Co., Ltd. ដឹកនាំដោយលោក PAUL IVAN KAMBUR នាយកក្រុមហ៊ុន និងសហការី ព្រមទាំងលោក KIM CHHAT HOUT អគ្គកុងស៊ុលកិត្តិយសប្រចាំទីក្រុង ឡុង ប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាម៉េរិក។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងគារវកិច្ចដោយសោមនស្សរីករាយ ចំពោះលោក PAUL IVAN KAMBUR នាយកក្រុមហ៊ុន និងសហការី ដែលបានចូលសម្តែងការគួរសមនិងពិភាក្សាការងារ និងបានលើកឡើងអំពីគោលបំណងរបស់ក្រុមហ៊ុនរបស់លោកស្វែងរកការគាំទ្រលើការវិនិយោគក្នុងប្រទេសកម្ពុជា។

ជាកិច្ចបន្ទាប់ លោក PAUL បានសម្តែងនូវការកោតសរសើរពីការរីកចម្រើនគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា និងបានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីគោលបំណងរបស់ក្រុមហ៊ុនលោក ក្នុងការសិក្សាស្វែងរកការវិនិយោគលើការដាំដើមប្រេងខ្យល់ និងដើមអាកាស្យានៅកម្ពុជា ដើម្បីធ្វើការកែច្នៃធ្វើជាកំទេចឈើ(Woodchips) ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ កន្លងមក ក្រុមហ៊ុនរបស់លោកបានដាក់ទុនវិនិយោគលើវិស័យនេះនៅក្នុងប្រទេសថៃ ដោយបាននាំយកនូវបច្ចេកវិទ្យា និងបទពិសោធន៍លើកាផលិតកែច្នៃកំទេចឈើនាំចេញ ដូច្នេះលោកមានបំណងពង្រីកការដាក់ទុនវិនិយោគ ដំឡើងរោងចក្រក្នុងប្រទេសកម្ពុជា ដោយស្វះស្វែងរកការដាំដើមប្រេងខ្យល់ និងអាកាស្យា ដែលជាវត្ថុធាតុដើមក្នុងការធ្វើកំទេចឈើនាំចេញ។ លើសពីនេះទៅទៀត លោកនាយកក្រុមហ៊ុនបានរៀបរាប់ពីចក្ខុវិស័យ គោលបំណង ក៏ដូចជាដំណើរការនៃការផលិត និងគម្រោងការនានា ជូនឯកឧត្តមរដ្ឋមន្ត្រី ជ្រាបជាពត៌មាន និងបានស្នើសុំអនុសាសន៍ពី ឯកឧត្តមរដ្ឋមន្ត្រី អំពីដំណើរការនៃការវិនិយោគ ព្រមទាំងបទដ្ឋានគតិយុត្តនានា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគោលបំណងនៃគម្រោងវិនិយោគនេះ ដោយបានលើកឡើងថា ក្រសួងពាណិជ្ជកម្ម រង់ចាំជួយសម្របសម្រួលដល់ការវិនិយោគទាក់ទងទៅនឹងនីតិវិធីច្បាប់  និងបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងក្រសួងពាណិជ្ជកម្ម ព្រមទាំងបានលើកទឹកចិត្តឱ្យលោកនាយកក្រុមហ៊ុន ធ្វើការសិក្សា និងសហការបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងនោះរួមមានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់លើនីតិវិធីច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេស ជាដើម។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីសក្ដារនុពល នៃទីផ្សារដែលក្រុមហ៊ុននឹងទទួលបានពីកម្ពុជា តាមរយៈការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាសម្រេចបាន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន កូរ៉េខាងត្បូង អាសិប។ល។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបផងដែរនូវការលើកទឹកចិត្តជាច្រើនដែលនឹងទទួលបានពីច្បាប់វិនិយោគកម្ពុជា៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ