ប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាចួលរួម “សន្និបាតប្រចាំឆ្នាំលើកទី១៦៩របស់ការិយាល័យពិព័រណ៍អន្តរជាតិ(BIE)” និងស្តាប់បទបង្ហាញរបស់ប្រទេសចំនួន៥ក្នុងការស្នើសុំបេក្ខភាពធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៧:២០ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រតិភូកម្ពុជាប្រចាំការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជាចូលរួម “សន្និបាតប្រចាំឆ្នាំBIEលើកទី១៦៩” ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំងតាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារនៃដំណើរការរៀបចំពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក។

អង្គសន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព លោក Jai-chul Choi ប្រធានការិយាល័យពិព័រណ៍អន្តរជាតិ(BIE) និងប្រមុខរដ្ឋ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី អង្គទូត និងមន្រ្តីជាន់ខ្ពស់ ដែលជាសមាជិក-សមាជិកា BIE តំណាងឱ្យប្រទេសចំនួន៨៣ប្រទេស។  

ក្នុងឱកាសនោះ អង្គសន្និបាតបានពិភាក្សាលើរបៀបវារៈជាច្រើន ដោយបានពិនិត្យទៅលើរបាយការណ៍ប្រជុំដែលមានភ្ជាប់ជាមួយនូវសំណើសុំការសម្រេចផ្សេងៗរបស់គណៈកម្មការទាំង៤នៃការិយាល័យBIE  ព្រមទាំងវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិនានា រួមមានការរៀបចំពិព័រណ៍ពិភពលោកឌុយបៃ “Expo 2020 Dubai” នៅសហភាពអារ៉ាប់រួម  វឌ្ឍនភាពការងារនៃការត្រៀមរៀបចំពិព័រណ៍ពិភពលោក២០២៥ (World Expo 2025 Osaka Kansai) នៅទីក្រុងអូសាកាប្រទេសជប៉ុន វឌ្ឍនភាពការងារនៃពិព័រណ៍អន្តរជាតិTriennale Milano2022នៅប្រទេសអ៊ីតាលី វឌ្ឍនភាពការងារនៃពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០២២ (Floriade Expo 2022 Amsterdam-Almere) នៅប្រទេសហូឡង់ វឌ្ឍនភាពការងារនៃពិព័រណ៍សាកវប្បកម្មអន្តរជាតិ ២០២៣ (Expo 2023 Doha) នៅទីក្រុងដូហាប្រទេសកាតា ការធ្វើបទបង្ហាញរបស់ប្រតិភូសហរដ្ឋអាមេរិកក្នុងការស្នើសុំបេក្ខភាពធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍អន្តរជាតិ ”Specialized Expo” សម្រាប់ឆ្នាំ២០២៧នៅរដ្ឋមីណេសូតា សហរដ្ឋអាមេរិក។

នៅក្នុងអង្គសន្និបាត មានប្រទេសចំនួន៥ បានធ្វើបទបង្ហាញរៀងៗខ្លួន ក្នុងការស្នើសុំបេក្ខភាពធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ដែលរួមមាន៖ ប្រទេសរុស្ស៊ី (នៅទីក្រុងមូស្គូ) កូរ៉េខាងត្បួង (នៅទីក្រុងប៊ូសាន) ប្រទេសអ៊ីតាលី (នៅទីក្រុងរ៉ូម) អ៊ុយក្រែន (នៅអូដេសា) និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត (នៅទីក្រុងរីយ៉ាដ) ។

ជាលទ្ធផលនៃសន្និបាតប្រចាំឆ្នាំ BIE លើកទី១៦៩ បានអនុម័តយល់ព្រមលើសំណើសុំការសម្រេចផ្សេងៗរបស់គណៈកម្មការទាំង៤នៃការិយាល័យBIE និងបានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិនានា ជាពិសេសពិព័រណ៍ពិភពលោកឌុយបៃ២០២០ នៅសហភាពអារ៉ាប់រួម។ អង្គសន្និបាតបានប្រកាសយកខែមិថុនា ឆ្នាំ២០២២ សម្រាប់រៀបចំកិច្ចប្រជុំបន្ទាប់ទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ