ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជាចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលភាពជាដៃគូCII (The CII Partnership Summit 2021)នៅប្រទេសឥណ្ឌា

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៧:៣៤ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មតំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជាចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលភាពជាដៃគូCII(The CII Partnership Summit 2021)តាមរយៈប្រព័ន្ធវីដេអូអនឡាញ។

នៅក្នុងពិធីបើកកិច្ចប្រជុំនេះ មានការថ្លែងសុន្ទរកថាបើកដោយឯកឧត្តមShri Piyush Goyal រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា លោកT.V.Narendran ប្រធានសហព័ន្ធឧស្សាហកម្មឥណ្ឌា(CII) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប៊ូតាន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចម៉ាល់ឌីវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មម៉ូរីស រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចមីយ៉ាន់ម៉ា និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្រីលង្កា និងមានការចូលរួមតាមប្រព័ន្ធវីដេអូអនឡាញរបស់វាគ្មិន និងក្រុមហ៊ុនសហគ្រាសពីបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោកចំនួនជាង៤០ប្រទេស។

កិច្ចប្រជុំខាងលើនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយសហព័ន្ធឧស្សាហកម្មឥណ្ឌា(CII) ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់ការកសាងពិភពលោកថ្មី៖ កំណើន ការប្រកួតប្រជែង ចីរភាព បច្ចេកវិទ្យា» ក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហាសកលក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ១៩។

ថ្លៃងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តម Shri Piyush Goyal រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា អំពាវនាវឱ្យបណ្តាប្រទេសនានាបង្កើតភាពជាដៃគូ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព។ ឯកឧត្តមបានបញ្ជាក់ថា មានតែបង្កើតភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ដែលអាចឱ្យយើងសម្រេចបាននូវគោលដៅរបស់យើង ដូចជាភាពជាដៃគូរវាងប្រជាពលរដ្ឋ ភាពជាដៃគូរវាងសហគមន៍ ភាពជាដៃគូរវាងប្រជាជាតិ ដូច្នេះសូមអំពាវនាវបណ្តាប្រទេសនានារួមគ្នាបង្កើតសណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោកប្រកបដោយសមធម៌។  

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌា និងប្រទេសនានា ដើម្បីចាប់យកកាលានុវត្តភាព និងពង្រីកសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការជំរុញពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចរីភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មពិភពលោក។  

ឯកឧត្តមរដ្ឋលេខាធិការបន្តថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងគ្រប់សកម្មភាពរបស់ភាគីពាក់ព័ន្ធ ដើម្បីជន្នះរាល់ឧបសគ្គ និងធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងរំពឹងថាតាមរយៈព្រឹត្តិការណ៍នេះ កម្ពុជា-ឥណ្ឌា និងបណ្តាប្រទេសពាក់ព័ន្ធនានានឹងមានវឌ្ឍនភាពកាន់តែខ្លាំងឡើងក្នុងកិច្ចសហប្រតិបត្តិការជាអាទិភាពក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានចែករំលែកនូវគំនិតទស្សនៈចំនួន៥ចំណុចជូនអង្គប្រជុំផងដែរ រួមមាន៖ (១) ពង្រឹងបន្ថែមនូវយន្តការសម្របសម្រួលពាណិជ្ជកម្មឆ្លងដែនក្នុងតំបន់។ (២) ជំរុញកិច្ចព្រមព្រៀងទំនិញពាណិជ្ជកម្មនិងតានដានបញ្ហាទីផ្សារពាក់ព័ន្ធនឹងពន្ធគយនិងវិធានការមិនមែនពន្ធគយ។ (៣)ជំរុញវិស័យឯកជនឲ្យដើរតួនាទីកាន់តែសំខាន់ឡើងក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចទីផ្សារសេរី។ (៤)ជំរុញការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច។ (៥)កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ក្នុងតំបន់និងពិភពលោក៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ