ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៨:០៥ នាទី យប់
👁 4
ទីស្តីការក្រសួងពាណិជ្ជកម្ម៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីលោក-លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល លោកឧកញ៉ា លី ណុប ប្រធាន ព្រមទាំងលោកស្រីអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា សរុបចំនួន ២៣រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ដែលមជ្ឈមណ្ឌលនេះចូលរួមដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យចម្លាក់ប្រាក់-ស្ពាន់ ទាក់ទាញវិស័យទេសចរណ៍ អភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរ្តិ៍ដំណែលនៃផលិតផលនិងភូមិសាស្ត្រ បង្កើនឱកាសពាណិជ្ជកម្មនិងពង្រីកទីផ្សារបន្ថែមក្នុងវិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា។
បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពលើផែនការការងារពាក់ព័ន្ធនឹងការសម្របសម្រួលការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ការបន្តចងក្រងសៀវភៅបន្ទុកពាក់ព័ន្ធនឹងវិស័យចម្លាក់ប្រាក់-ស្ពាន់ ព្រមទាំងការស្វែងរកទីផ្សារសម្រាប់ផលិតផលចម្លាក់ប្រាក់-ស្ពាន់។
ចុងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ជាថ្មីថា ក្រសួងពាណិជ្ជកម្មនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការងារលើកកម្ពស់កេរ្តិ៍ឈ្មោះនិងថែរក្សាអត្តសញ្ញាណខ្មែរ ដោយបច្ចុប្បន្នក្រសួងកំពុងបន្តចរចាបើកទីផ្សារបន្ថែម និងបានស្នើឱ្យមានការចូលរួមឱ្យបានសកម្មពីវិស័យឯកជនពាក់ព័ន្ធ សំដៅជំរុញការលក់ផលិតផលខ្មែរទាំងនៅទីផ្សារក្នុងស្រុក និងបរទេស៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣