ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក Chandana Fernando នាយកគ្រប់គ្រងប្រចាំប្រទេស នៃ Representative Office of Nestle (Thai) Ltd លោកឧកញ៉ា ង៉ូវ លាងហ៊ួត ប្រធានក្រុមហ៊ុន HGB Group និងសហការី

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៩:០៩ នាទី ព្រឹក

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ) នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យគណៈប្រតិភូដឹកនាំដោយ លោក ចាន់ដាណា ហ្វឺណាន់ដូ (Chandana Fernando) នាយកគ្រប់គ្រងប្រចាំប្រទេស នៃការិយាល័យតំណាងក្រុមហ៊ុន Nestle នៅប្រទេសថៃ (Representative Office of Nestle(Thai) Ltd)  និងលោកឧកញ៉ា ង៉ូវ លាងហ៊ួត ប្រធានក្រុមហ៊ុន HGB Group ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី មានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានមកបណ្តាក់ទុនជាង២៥ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា និងបន្តឈរជើងយ៉ាងរឹងមាំ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។

ជាកិច្ចបន្ទាប់ លោក ចាន់ដាណា បានសម្តែងការកោតសរសើរនូវការរីកចំរើនលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបានឱ្យដាក់ដំណើរការប្រទេសជាប្រក្រតីឡើងវិញ។ លោក ចាន់ដាណា បានជម្រាបបន្ថែមថា ការិយាល័យតំណាងក្រុមហ៊ុន Nestle នៅប្រទេសថៃ បានមកបណ្តាក់ទុនជាង ២៥ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ដោយបានចូលរួមចំណែកបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា ក៏ដូចជាបានចូលរួមផ្គត់ផ្គង់ទំនិញដែលមានគុណភាពខ្ពស់ រួមទាំងអាហារបំប៉នកុមារផងដែរ។ លោក ចាន់ដាណា បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតទំនិញរបស់ខ្លួននៅប្រទេសកម្ពុជា ជំនួសឱ្យការនាំចូលពីបរទេស។ លោក ចាន់ដាណា បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី និងមន្រ្តីជំនាញជួយគាំទ្រ និងទប់ស្កាត់ទំនិញក្លែងក្លាយផងដែរ។ លោក ចាន់ដាណា បានជម្រាបផងដែរថា ក្រុមហ៊ុន Nestle នៅប្រទេសស្វីសនឹងផ្តល់អណ្តូងទឹក នៅដើមខែមករា ឆ្នាំ២០២២ នៅតាមតំបន់មួយចំនួននៅកម្ពុជា ហើយក្រុមហ៊ុននឹងរៀបចំឱ្យមានជំនួបពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុន Nestle នាអំឡុងពេលការចូលរួមកិច្ចប្រជុំរបស់ ឯកឧត្តមរដ្ឋមន្រ្តី នៅប្រទេសស្វីស នាដើមឆ្នាំ២០២២ផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការមកបណ្តាក់ទុនរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា និងបានជម្រាបជូនថា ប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច រួមទាំងអត្រាប្ដូរប្រាក់ ទទួលបានកំណើនជាមធ្យមក្នុងរង្វង់ ៧.៥% ។ ដោយសារបញ្ហារងផលប៉ះពាល់ពីជំងឺកូវី-១៩ កម្ពុជារំពឹងថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ប្រមាណ៤.៥%។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាចុងឆ្នាំ ២០២២ និងការជ្រើសរើសខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្លាយទៅជាប្រទេសអភិវឌ្ឍន៍កម្រិតមធ្យម ក្នុងឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងកសាងច្បាប់ជាច្រើន ហើយនឹងដាក់សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអារហារ ស្នើសុំការអនុម័តពីសភាជាតិនាពាក់កណ្តាលឆ្នាំក្រោយ។ ក្រៅពីនេះ កម្ពុជាបានចូលរួមចរចាពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី នាពេលថ្មីៗនេះ រួមមាន អាសិប ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ដើម្បីបើកទីផ្សារនាំចេញទំនិញរបស់កម្ពុជា ហើយទំនិញកម្ពុជាអាចប្រកួតប្រជែងទាំងតម្លៃ និងគុណភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយក្រុមហ៊ុនក្នុងការចូលរួមទប់ស្កាត់ទំនិញក្លែងក្លាយទាំងឡាយ និងបានស្នើឱ្យក្រុមហ៊ុនបន្តសហការជាមួយអង្គភាពពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ហើយនឹងពិនិត្យលទ្ធភាពជាក់ស្តែង ដើម្បីបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុននៅប្រទេសស្វីស និងបានជូនពរ ក្រុមហ៊ុនមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពជោគជ័យថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ