ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៨:៣៤ នាទី យប់
👁 1
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ស្ថាប័នកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិនលើកទី៦ (6th CCETCC) តាមរយៈប្រព័ន្ធវីដេអូ ជាមួយឯកឧត្តម Ren Hongbin អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ភាគីទាំងពីរ ដើម្បីពិនិត្យវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការតាមវិស័យពាក់ព័ន្ធនីមួយៗ ដែលសម្រេចបានក្នុងរយៈកាលកន្លងមក រិះរកវិធីនិងមធ្យោបាយអនុវត្តសេចក្តីណែនាំរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានជួបគ្នានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងពិភាក្សាដើម្បីកំណត់ទិសដៅសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតក្នុងបរិបទថ្មី។
អង្គប្រជុំបានពិនិត្យពិភាក្សាលើបញ្ហាប្រឈមដែលកើតមានឡើងនៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងតំបន់, គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI), កិច្ចសហប្រតិបត្តិការនាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន, ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការE-commerce, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញការធ្វើពិព័រណ៌ពាណិជ្ជកម្ម, ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាដោយផ្ទាល់ទៅកាន់ប្រទេសចិន, ការធ្វើពាណិជ្ជកម្មអង្ករ, ការជំរុញឱ្យមានពិធីសារអនាម័យនិងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្មកម្ពុជា, ការអនុវត្តគម្រោងភាពជាដៃរវាងគូរដ្ឋនិងឯកជន (PPP), និងកិច្ចជំរុញវិនិយោគ។
យោងតាមនិន្នន័យរបស់ភាគីចិន ក្នុងរយៈពេល ១០ខែឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ១០.៩៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ៤៥.៩% ប្រៀបធៀបនឹងឆ្នាំ២០២០ ដែលលើសពីការកំណត់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ឱ្យសម្រេចបាន១០ប៊ីលានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២៣។ គិតត្រឹមខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនចិនបានវិនិយោគនៅកម្ពុជាប្រមាណ ៩.៣៥ ប៊ីលានដុល្លារអាមេរិក ក្នុងនោះរួមមាន វិស័យកសិកម្ម អគ្គិសនី សំលៀកបំពាក់ និងគមនាគមន៍។ លើសពីនេះ គិតត្រឹមខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនចិនបានចុះហត្ថលេខាលើកិច្ចសន្យាទទួលសាងសង់ស្ថាបត្យកម្មក្នុងចំនួនទឹកប្រាក់សរុប ៣៤.១៥ ប៊ីលានដុល្លារអាមេរិក និងបានបញ្ចប់ក្នុងចំនួនទឹកប្រាក់ ២១.៣ ប៊ីលានដុល្លារអាមេរិក ក្នុងនោះរួមមានគម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយបរទេសដ៏ធំបំផុតរបស់ចិនមានតម្លៃប្រមាណ ១៥០ លានដុល្លារអាមេរិក។ ជារួម ភាគីទាំងពីរបានអបអរចំពោះការដែលកម្ពុជាបានទាញយកអត្ថប្រយោជន៍ជាច្រើនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គិសនី ផ្លូវស្ពានថ្នល់ ព្រលានយន្តហោះ និងកំពង់ផែ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរនឹងរៀបចំផែនការដើម្បីទាញយកប្រយោជន៍ឱ្យបានកាន់តែច្រើនពីគំនិតផ្តួចផ្តើមនេះ។
ជាមួយគ្នានេះ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២១ ចិនបាននាំចូលផលិតផលកសិកម្មពីកម្ពុជាប្រមាណ ៣៨០ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៩.៨% ទោះបីប្រៀបធៀបនឹងតម្លៃក្នុងរយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២០ ក៏ដោយ។ ភាគីចិនសន្យានឹងជំរុញការនាំចូលដោយផ្ទាល់នូវផលិតផលកសិកម្មរបស់កម្ពុជាដែលមានគុណភាពទៅចិន ដោយត្រូវស្របតាមវិធានការអនាម័យនិងភូតគាមអនាម័យ (SPS) ដើម្បីនាំមកនូវផលប្រយោជន៍ដោយផ្ទាល់ដល់សហគ្រាសរបស់កម្ពុជា ព្រមទាំងធានាថាផលិតផលដែលផលិត និងនាំចេញទៅចិន ត្រូវបានត្រួតពិនិត្យនិងធានាថាមានគុណភាពល្អ និងគ្មានសត្វល្អិតចង្រៃ ដែលអាចប៉ះពាល់ដល់ផលិតកម្ម និងសុខភាពមនុស្សនិងសត្វនៅប្រទេសចិន។ ទន្ទឹមនេះដែរ ភាគីចិនបានឯកភាពនឹងពិចារណាពង្រីកកូតានាំចូលអង្ករពីកម្ពុជាដល់ ៥០០ ០០០ តោនក្នុង១ឆ្នាំ បន្ទាប់ពីកម្ពុជានាំចេញអង្ករទៅចិនគ្រប់កូតា ៤០០ ០០០ តោន ក្នុងរយៈពេល១៧ខែ ដូចបានឯកភាពគ្នាក្នុងអនុស្សរណៈយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករដែលទើបនឹងចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។
ភាគីទាំងពីរនឹងរៀបចំសិក្ខាសាលាដើម្បីជំរុញការអនុវត្ត CCFTA សំដៅបង្កើតការធ្វើពាណិជ្ជកម្ម និងទាក់ទាញ វិនិយោគបន្ថែមទៀត ព្រមទាំងបានប្ដេជ្ញាជំរុញបន្ថែមទៀតនូវមិត្តភាព "ដែកថែប" និងខិតខំរួមគ្នាដើម្បីប្រែក្លាយជាតំបន់ ដែលមានអនាគតរួមគ្នា មានសន្តិសុខ និងការអភិវឌ្ឍ។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពនឹងបន្តគាំទ្រគ្នាកិច្ចសហប្រតិបត្តិការ E-commerce បង្កើតចំណងអាជីវកម្មឱ្យបានកាន់តែជិតស្និទ្ធ និងស្វែងរកឱកាសអាជីវកម្មក្នុងយុគសម័យ ឌីជីថលបន្ថែមទៀត តាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុនចិន មកវិនិយោគនៅកម្ពុជា និងកិច្ចពង្រឹងការផ្លាស់ប្តូរនិងចូលរួមក្នុងវេទិកាពិព័រណ៌ ជាពិសេសភាគីចិននឹងផ្តល់ជាជំនួយដល់កម្ពុជាលើការកសាងសមត្ថភាពពាក់ព័ន្ធនឹងការអនុវត្តគម្រោងពីភាពជោគជ័យរវាងភាពជាដៃគូរដ្ឋ និងឯកជនផងដែរ។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរឯកភាពក្នុងការចាត់ចែងក្រុមការងារ បន្តធ្វើការរួមគ្នាដើម្បីអនុវត្តកិច្ចការដែលបានពិភាក្សា និង ឯកភាពក្នុងកិច្ចប្រជុំ 6th CCETCC នេះ សំដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ហើយកម្ពុជានឹងទទួលរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មការស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន នៅក្នុងឆ្នាំខាងមុខ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣