លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី ប្រវត្តិ នៃកម្មសិទ្ធិបញ្ញាពិភពលោក និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៨:៤៤ នាទី យប់

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ) កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីអំពី ប្រវត្តិនៃកម្មសិទ្ធិបញ្ញាពិភពលោក និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា ដែលបានសហការរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមសាលាត្រាជូ តាមរយៈប្រព័ន្ធវីដេអូ Zoom ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមសាលាត្រាជូ លោកជំទាវ នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជានិង ជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងសិក្ខាកាមទាំងអស់ដែលអញ្ជើញចូលរួមពីបណ្ដានាយកដ្ឋាននៃក្រសួងពាណិជ្ជកម្ម និងតាមមន្ទីរពាណិជ្ជកម្ម រាជធានីខេត្ត សហគ្រាសធុនតូចនិងមធ្យមចំនួន ៥៨ ក្រុមហ៊ុន  ព្រមទាំងសិស្សនិស្សិត សរុបចំនួន៣៥១នាក់។  

ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖ សិក្ខាសាលានេះផ្តោតសំខាន់លើការយល់ដឹងពីការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងអនុលោមតាមកាតព្វកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO។ កម្ពុជាមានច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ នៅឆ្នាំ២០០២ ដែលជាច្បាប់ដំបូងគេនៅកម្ពុជា ដើម្បីការពារម៉ាក និងពាណិជ្ជនាម ដែលបានចុះបញ្ជីម៉ាកត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា និងទប់ស្កាត់សកម្មភាពនៃការប្រកួតប្រជែងដោយមិនស្មោះត្រង់លើការបង្កើត ការប្រើប្រាស់ពាណិជ្ជសញ្ញា និង ពាណិជ្ជកនាម ហើយធានាសិទ្ធិដល់ម្ចាស់កម្មសិទ្ធិក្នុងការចាត់តាំងផ្ទេរ និងផ្តល់អាជ្ញាប័ណ្ណពាណិជ្ជសញ្ញាទៅឱ្យភាគីទីបីផងដែរ។

លោកជំទាវរដ្ឋលេខាធិការបន្តថា ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់ម៉ាកនៅប្រទេសកម្ពុជា ក្នុងការចុះបញ្ជីម៉ាកការពារជាលក្ខណៈអន្តរជាតិ ប្រទេសកម្ពុជាបានចូលរួមពិធីសារម៉ាឌ្រីដសម្រាប់ការចុះបញ្ជីម៉ាក សញ្ញាអន្តរជាតិក្នុងឆ្នាំ២០១៥ ដែលធ្វើឱ្យម្ចាស់ម៉ាកនៅកម្ពុជាអាចដាក់ពាក្យស្នើសុំនៅបញ្ជរការិយាល័យចុះបញ្ជីនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានការពារជាលក្ខណៈអន្តរជាតិ។ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងគាំពារសហគ្រាសធុនតូចនិងមធ្យម ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាប្រធានគណៈកម្មាធិការ ជាតិកម្មសិទ្ធិបញ្ញា ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចការងារកម្មសិទ្ធិបញ្ញា តាមរយៈការចុះបញ្ជីម៉ាក់គុណទាវភ្នំពេញជាម៉ាកសមូហភាព ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រុងជាដើម ក្រសួងពាណិជ្ជកម្ម ក៏កំពុងត្រៀមចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រលើផលិតផលមួយចំនួនទៀត ដូចជា ទឹកឃ្មុំមណ្ឌលគិរី និងអំបិល ផ្កាអំបិលកំពតជាដើម។  

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អកន្លងមក រវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម សមាគមសាលាត្រាជូ និង សភាពាណិជ្ជកម្មកម្ពុជា និងបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើងជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម វិស័យឯកជន និងសិស្ស និស្សិត ជាពិសេសវាគ្មិនដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោទធន៍ ក្នុងការប្រតិបត្តិការជាក់ស្តែងប្រចាំថ្ងៃដែលខ្លួនមានតាមប្រធានបទ ស្របទៅនឹងគោលបំណងនៃសិក្ខាសាលាដើម្បីរួមចំណែកបញ្រ្ជាបចំណេះដឹងឲ្យកាន់តែស៊ីជម្រៅពីប្រវត្តិ និងកិច្ចការកម្មសិទ្ធិបញ្ញាពិសេសគឺទិដ្ឋភាពច្បាប់ និងវិធានដែលពាក់ព័ន្ធដើម្បីពង្រីកការយល់ដឹង និងការបង្កើនការផ្ដល់តម្លៃដល់កម្មសិទ្ធិបញ្ញា។  

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់ កត់ត្រាចំណុចសំខាន់ៗនៃប្រធានបទនីមួយៗ និងអាចលើកជាសំនួរផ្សេងៗផងដែរដើម្បីយកជាពុទ្ធិសម្រាប់ ពង្រីកចំណេះដឹងផ្ទាល់ខ្លួន ព្រមទាំងអាចចែករំលែកចំណេះដឹង ដែលបានរៀនក្នុងរយៈពេលមួយថ្ងៃពេញនេះដល់សហការីរបស់ខ្លួន និង អាចយកទៅអនុវត្តលើការងារដែលខ្លូនជួបប្រទះប្រចាំថ្ងៃផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ