ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោក ISTVAN BAKOS ភារធារីនៃការិយាល័យតំណាងនៅទីក្រុងភ្នំពេញនៃស្ថានទូតហុងគ្រី ដើម្បីត្រៀមរៀបចំវេទិកាជំនួបធុរកិច្ចកម្ពុជា-ហុងគ្រី នាពេលខាងមុខ

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៨:៥៧ នាទី យប់

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក អីសស្វាន បូគូស (ISTVÁN BAKOS) ភារធារីនៃការិយាល័យតំណាងនៅទីក្រុងភ្នំពេញ នៃស្ថានទូតហុងគ្រីដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ដើម្បីត្រៀមរៀបចំវេទិកាជំនួបធុរកិច្ចកម្ពុជា-ហុងគ្រី អំឡុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខ ក្នុងគោលបំណងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស្របតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។

ជាកិច្ចស្វាគមន៍ ឯកឧត្តមអនុរដ្ឋលេខាធិការ បានអបអរសាទរដល់លោក អីសស្វាន បូគូស ចំពោះការចូលកាន់ដំណែងថ្មី ហើយបានថ្លែងអំណរគុណដល់ភាគីហុងគ្រី សម្រាប់ការកសាងកិច្ចសហប្រតិបត្តិការល្អ និងការគាំទ្រគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ផលប្រយោជន៍រួម និងការអភិវឌ្ឍដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី។  

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពក្នុងការរៀបចំវេទិកានេះ ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសហប្រធានទាំងពីរ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី និងសភាពាណិជ្ជកម្មនៃភាគីទាំងពីរ។ ភាគីទាំងពីរ ក៏បានឯកភាពក្នុងការផ្តោតលើការផ្គូផ្គងធុរកិច្ច និងបង្ហាញអំពីកាលានុវត្តភាពក្នុងវិស័យសក្តានុពលមួយចំនួន រួមមាន៖ កសិកម្ម ការកែច្នៃម្ហូបអាហារ សុវត្ថិភាពចំណីអាហារ និងសេវាកម្មក្នុងវិស័យទេសចរណ៍។

ភាគីទាំងពីរមានសុទិដ្ឋិនិយមថា វេទិកាជំនួបធុរកិច្ចកម្ពុជា-ហុងគ្រីនេះ នឹងជួយជំរុញឱ្យធុរជន និងវិនិយោគិនហុងគ្រី មកពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគ នៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។  

ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោក អីសស្វាន បូគូស ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីលើកស្ទួយ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងបានជូនពរលោកទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច ក្នុងការចូលកាន់ដំណែងថ្មីនិងនាឱកាសឆ្នាំថ្មី៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ