លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាទ្វេភាគីជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ដីពីការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអនុវត្តកម្មវិធី

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៦:៤៧ នាទី ល្ងាច

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំពិភាក្សាទ្វេភាគីជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីអំពីការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអនុវត្តកម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជាតាមរយៈប្រព័ន្ធវីឌីអូ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ ADB ដែលជានិច្ចជាកាលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសមកកាន់ក្រសួងពាណិជ្ជកម្មក្នុងការអនុវត្តសកម្មភាពជាអទិភាពមួយចំនួនកន្លងមក។

លោកជំទាវរដ្ឋលេខាធិការបន្ដថា កិច្ចប្រជុំនេះផ្តោតទៅលើការអនុវត្តកម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា ហើយក្រសួងពាណិជ្ជកម្មបានត្រៀមខ្លួនរួចជាសេ្រចក្នុងការអនុវត្តសកម្មភាពមួយចំនួន ដែលមាននៅក្នុងកម្មវីធីនេះ ជាពិសេសបានត្រៀមសម្រាប់សម្របសម្រួលជាមួយអន្តរក្រសួង និងភាគីពាក់ព័ន្ធ ដើម្បីឱ្យកម្មវិធីពាណិជ្ជកម្មកម្ពុជាកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

លោកជំទាវរដ្ឋលេខាធិការបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកការគាំទ្រកំណែទម្រង់ស្ថាប័នសំខាន់ៗ ដើម្បីពន្លឿនការផ្លាស់ប្តូររចនាសម្ព័ន្ធនៃសេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ការប្រកួតប្រជែង ហើយកម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជានេះ គឺជាកម្មវិធីផ្តល់កម្ចីផ្អែកលើគោលនយោបាយរបស់ ADB ដែលនឹងត្រូវផ្តល់ជាជំនួយបច្ចេកទេស ចំណេះដឹង និងការគាំទ្រផ្សេងៗទៀត។

ជាកិច្ចបញ្ជប់ លោកជំទាវរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយ ADB និងអន្តរក្រសួង ក្នុងការអនុវត្តសកម្មភាពអាទិភាពមួយចំនួន ដែលមាននៅក្នុងកម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ