ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៧:១១ នាទី យប់
👁 3
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយលោកជំទាវឧកញ៉ា កែវ ម៉ុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងស្ថាបនិកក្រុមហ៊ុនលីលី។
ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការ បានទទួលស្វាគមន៍គណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាយ៉ាងរាក់ទាក់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច សង្គម និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលកន្លងមក ជាពិសេសជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈការលើកឡើងនូវសំណូមពរ មតិយោបល់ល្អៗ ដែលបម្រើប្រយោជន៍ដល់សមាគមធុរកិច្ច កែលម្អបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា អំពីវឌ្ឍនភាពនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ទោះបីជាទទួលការរំខានក្នុងអំឡុងបរិកាណ៍កូវីដ-១៩ក៏ដោយ។ លោកជំទាវបានបញ្ជាក់ថា យោងតាមរបាយការណ៍ធនាគារពិភពលោកសម្រាប់ខែធ្នូឆ្នាំ២០២១ កម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ២.២% នៅឆ្នាំ២០២១ និងច្រើនជាង ៥% នៅឆ្នាំ២០២៣។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២១ សម្រេចបានប្រមាណ ៣៣,៤ ប៊ីលានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ២៦%។
ក្នុងជំនួបនោះដែរ លោកជំទាវឧកញ៉ាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានជម្រាបជូនអំពីសាវតា និងរចនាសម្ព័ន្ធនៃសមាគម ព្រមទាំងការបោះពុម្ពផ្សាយសៀវភៅស ដែលបានបញ្ចូលនូវបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការចូលរួមដោះស្រាយពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានបញ្ហាសំខាន់ៗចំនួន ០៣ ដូចជា (១)បញ្ហាការបើកច្រកទីផ្សារ (២)ឱកាសទទួលបានហិរញ្ញប្បទាន និង(៣)ការបណ្តុះបណ្តាលជំនាញឌីជីថល។ លោកជំទាវឧកញ៉ា ក៏បានស្នើសុំនូវទិន្នន័យអ្នកផលិត និងផលិតផល ពីក្រសួងពាណិជ្ជកម្ម ដើម្បីដាក់បញ្ចូលក្នុងសៀវភៅសនោះ និងជួយជំរុញការផ្សព្វផ្សាយពីផលិតផលខ្មែរ។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋលេខាធិការ បានទទួលយកនូវសំណូមពរដែលបានលើកឡើង និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរៀបចំច្បាប់និងបទបញ្ញត្តិថ្មីៗ និងការបើកច្រកទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ដែលកម្ពុជាសម្រេចបាន។ បន្ថែមពីនោះ ក្រសួងបាននឹងកំពុងពង្រឹងកិច្ចការបណ្តុះបណ្តាល និងកសាងសមត្ថភាពដល់អ្នកពាក់ព័ន្ធជាពិសេសស្រ្តីនៅក្នុងវិស័យធុរកិច្ច និងកំពុងខិតខំជំរុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនរួចជាសេ្រចក្នុងការសហការគាំទ្រដល់សហគ្រិន ជំរុញនិងពង្រីកការធ្វើធុរកិច្ចរបស់សហគ្រិនស្រ្តី ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣