ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៩:៣៣ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់តំណាងក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនាពេលកន្លងមក និងទិសដៅកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ជាបឋម ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះកំណើននៃទំហំពាណិជ្ជកម្ម     កម្ពុជា-វៀតណាម ដែលសម្រេចបានប្រមាណជាង ៨ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១ ទោះបីជាប្រទេសទាំងពីរទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នាពេលកន្លងមកក៏ដោយ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនថា នេះសបញ្ជាក់ ឱ្យឃើញពីកិច្ចសហប្រតិបត្តិដ៏ល្អប្រសើរលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងភាគីទាំងពីរ ជាពិសេសផលិតផលកសិកម្ម និងកែច្នៃ។

ភាគីទាំងពីរបានលើកទ្បើងផងដែរអំពីសារៈសំខាន់នៃការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-    វៀតណាម ដែលបានចរចាបញ្ចប់រួចហើយ និងត្រូវពន្លឿនការចុះហត្ថលេខានិងនីតិវិធីក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចទ្បើងវិញក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ជាពិសេសជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ។ ក្នុងនោះផងដែរ ភាគីទាំងពីរបានពិភាក្សានិងពិនិត្យលទ្ធភាពជំរុញផលិតផលមានសក្តានុពល របស់កម្ពុជា នាំចូលទីផ្សារវៀតណាម តាមរយៈការផ្តល់នូវភាពអនុគ្រោះ និងកិច្ចសម្រួលពាណិជ្ជកម្មតាមព្រំដែន។

ភាគីទាំងពីរបានឯកភាពអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ដើម្បីបំពេញឱ្យការនាំចេញទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពពាណិជ្ជកម្មអន្តរជាតិ និងតំបន់ផងដែរ ហើយភាគីវៀតណាមបញ្ជាក់សារជាថ្មីនូវជំហរគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំ២០២២ ដើម្បីពង្រឹងស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរនិងតំបន់អាស៊ាន។ ភាគីទាំងពីរបានឯកភាពបន្តធានាឱ្យបាននូវពាណិជ្ជកម្មបើកចំហ និងកិច្ចសម្រួលដល់លំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើយ៉ាងណាឱ្យលំហូរពាណិជ្ជកម្មអាចប្រព្រឹត្តទៅដោយរលូន។  

ជាទីបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សំដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ