ក្រសួងពាណិជ្ជកម្មបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០១:៥៤ នាទី រសៀល

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រសួងពាណិជ្ជកម្មបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ នៅទីស្តីការក្រសួង និងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្មជាច្រើនរូប។ សន្និបាទប្រចាំឆ្នាំ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំ២០២១កន្លងទៅ, ពិភាក្សាពីបញ្ហាប្រឈមនានា, និងលើកទិសដៅការងារពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២២ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤  របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភាសំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គសន្និបាទ អំពីការរំខានបង្កដោយជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រួមនឹងការទទួលរងឥទ្ធិពលពីបដិវត្តន៍ឧស្សាហកម្មទី៤ បម្រែបម្រួលអាកាសធាតុ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈ និងការប្រទាញប្រទង់គ្នាផ្នែកសេដ្ឋកិច្ចនិងនយោបាយរវាងមហាអំណាចពិភពលោក ដែលជាសុទ្ធសឹងជាចំណោទបញ្ហាសម្រាប់វិស័យពាណិជ្ជកម្មដែលទាមទារដំណោះស្រាយ។ ទោះជាយ៉ាងនេះក្តី ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានខិតខំគ្រប់គ្រងស្ថានការណ៍រីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ប្រកបដោយជោគជ័យកន្លងមក តាមរយៈការចាក់វ៉ាក់សាំង ការចាក់ដូសជំរុញ ការចេញនូវក្របខណ្ឌយុទ្ធសាស្រ្តស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ដើម្បីជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរបស់ប្រជាជន ជាពិសេសជួយដល់សហគ្រាសធុនតូច និងមធ្យម កម្មករនិយោជិត និងគ្រួសារក្រីក្រ ព្រមទាំងជនងាយរងគ្រោះ។

សម្រាប់ការងារពាណិជ្ជកម្មក្នុងឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានអនុវត្តយ៉ាងសកម្មកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មទាំងសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ។ ក្រសួងប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសការរក្សាឱ្យបាននូវសន្តិសុខស្បៀង ការបន្តស្វែងរកទីផ្សារថ្មី និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការកែប្រែបញ្ហាប្រឈមទៅជាឱកាសក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ការកាត់បន្ថយចំណាយ ការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងការវិនិយោគនិងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លើសពីនេះ ក្រសួងក៏សម្រេចបាននូវសមិទ្ធផលខាងការពារកម្មសិទ្ធិបញ្ញា កិច្ចការពារអ្នកប្រើប្រាស់ ការត្រួតពិនិត្យ ព្រមទាំងការបង្ក្រាបការក្លែងបន្លំនូវផលិតផលជាទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដែលជាឧត្តមប្រយោជន៍របស់អ្នកប្រើប្រាស់ និងប្រជាជនទូទៅ។ ក្រសួងបានយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនវិស័យឯកជន តាមរយៈការដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការបញ្ចុះកម្រៃសេវា ការកាត់បន្ថយពេលវេលា បែបបទ និងនីតិវិធីដែលពុំចាំបាច់។ ដើម្បីចូលរួមប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ក្រសួងពាណិជ្ជកម្មកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តី តាមរយៈការពង្រឹងធនធានមនុស្ស ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រងការអភិវឌ្ឍស្ថាប័ន។  

សមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេលកន្លងទៅ មានដូចខាងក្រោម ៖  

សមាហរណកម្ម និងពាណិជ្ជកម្មអន្តរជាតិ

កម្ពុជានៅតែបន្តរក្សាកំណើនក្នុងអត្រាមួយគួរឱ្យកត់សម្គាល់ ក្នុងនោះ តម្លៃនៃការនាំចេញក្នុងឆ្នាំ២០២០ មានប្រមាណ ១៧ ២១៥ លានដុល្លារអាមេរិក ពោលគឺកើនឡើង ១៦,៧% បើប្រៀបធៀបនឹងតម្លៃនាំចេញក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។ ថ្វីត្បិតតែតម្លៃនាំចេញក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២១ មានចំនួន ១៥ ៧២៩ លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះចំនួន ០.១២% ធៀបនឹងតម្លៃនាំចេញសម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក៏ដោយ តែប៉ុន្តែបើតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១ នេះ នឹងមានប្រមាណ ២,៤%។

ការធ្វើពិពិធកម្មទីផ្សារ និងបើកច្រកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីរួមមាន៖ (១) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), (២) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (៣) កិច្ចព្រមព្រៀងសេរីកម្ពុជា-កូរ៉េ (បានឆ្លងគណៈកម្មការជំនាញនៃរដ្ឋសភារួច ហើយគ្រោងដាក់ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភានៅពេលខាងមុខ)។

ការកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងយុទ្ធសាស្រ្តពាណិជ្ជកម្ម

ច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាដាក់ឱ្យប្រើតាមរយៈព្រះរាជក្រមលេខ នស/រកម/១០២១/០១៣ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ហើយសេចក្ដីព្រាងច្បាប់មួយចំនួនកំពុងត្រូវបានរៀបចំ៖ (១)ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម (២)ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម (៣)ច្បាប់ស្តីពីម្ហូបអាហារ (៤)ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ (៥)ច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម (៦)ច្បាប់ស្តីពីភ្នាក់ងារពាណិជ្ជកម្ម (៧)ច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្មនិងព័ត៌មានមិនបង្ហាញ (៨)អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលក់ផលិតផលទំនិញ និងសេវា (៩)អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម  និង (១០)អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ជាដើម។-ល-។

កំណែទម្រង់ស៊ីជម្រៅ និងការកែលម្អសេវាសាធារណៈ

- ចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជានិងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ, ការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស  

- អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ(National Single Window)  សម្រាប់ការចេញអាជ្ញាប័ណ្ណនាំចេញ-នាំចូល វិញ្ញាបនបត្រគឹមប័រលីប្រូសេស និងកំពុងរៀបចំប្រព័ន្ធផ្តល់លិខិតអនុញ្ញាត និងអាជ្ញាបណ្ណដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជីវករ និងពាណិជ្ជករ

- តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជីពាណិជ្ជកម្ម ទៅតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CAMDX) ដំណាក់កាលទី២ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងបានរៀបចំរួចរាល់នូវមជ្ឈមណ្ឌលផ្ទុកទិន្នន័យស្តង់ដារអន្តរជាតិសម្រាប់ការប្រើប្រាស់និងផ្ទុកទិន្នន័យប្រព័ន្ធគេហទំព័ររបស់ក្រសួង ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងប្រព័ន្ធចុះបញ្ជីម៉ាក។

ការរក្សាស្ថិរភាពថ្លៃ ការជំរុញពាណិជ្ជកម្មក្នុងប្រទេស កិច្ចការពារអ្នកប្រើប្រាស់ លើកកម្ពស់សុខមាលភាពជូនប្រជាជន និងសន្តិសុខស្បៀង

- រក្សាស្ថិរភាពថ្លៃប្រេងឥន្ធនៈ អង្ករ និងទំនិញយុទ្ធសាស្រ្ត តាមរយៈការជំរុញឱ្យបណ្តាស្ថានីយ៍បង្ហាញថ្លៃប្រេងជាសាធារណៈរៀងរាល់ថ្ងៃ, ការទិញ-លក់ អង្ករក្នុងស្រុកដោយសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ទប់ស្កាត់ការដំឡើងថ្លៃអង្ករ រក្សាស្ថិរភាពថ្លៃស្រូវ និងធ្វើអន្តរាគមន៍ទីផ្សារទំនិញចាំបាច់មួយចំនួន ដែលបម្រើឱ្យសេចក្តីត្រូវការប្រចាំថ្ងៃ និងអ្នកប្រើប្រាស់

- បន្តសកម្មភាពរៀបចំវេទិកាផ្គូរផ្គងធុរកិច្ច រវាងអ្នកផលិត និងអ្នកបញ្ជាទិញ និងបន្តរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេសបន្ថែមទៀត ដើម្បីយកផលិតផល ខ្មែរទៅដាក់តាំងបង្ហាញ និងស្វែងរកដៃគូធុរកិច្ច សំដៅទាក់ទាញវិនិយោគមកកម្ពុជា

- កំពុងរៀបចំឯកសារយុទ្ធសាស្រ្តទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារ និងផលិតផលសក្តានុពលរបស់កម្ពុជា ព្រមទាំងរៀបចំយុទ្ធសាស្រ្តគាំទ្រតួអង្គខ្សែច្រវាក់តម្លៃ តាមរយៈជំរុញការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ច និងពិនិត្យលទ្ធភាពធ្វើការសិក្សាផលិតផលកសិ-ពាណិជ្ជកម្មសក្តានុពល  

- បង្កើតផ្សារអេឡិចត្រូនិកឈ្មោះ ផ្សារខេមបូឌាត្រេដ (Cambodiatrade.com) ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម លក់ផលិតផលខ្មែរទៅទីផ្សារក្នុងស្រុកនិងអន្តរជាតិតាមប្រព័ន្ធអនឡាញ ព្រមទាំងបានធ្វើការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនឡូជីស្ទិកជាតិ  និងអន្តរជាតិ

- ត្រួតពិនិត្យគុណភាពទំនិញនៅតាមទីផ្សារជាប្រចាំ ផ្សព្វផ្សាយ និងណែនាំអាជីវករនិងអ្នកប្រើប្រាស់ឱ្យបានយល់ពីសារៈសំខាន់នៃសុវត្ថិភាពម្ហូបអាហារ ព្រមទាំងដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ចល័ត និងមន្ទីរពិសោធន៍ខ្នាតតូចតាមបណ្តាខេត្ត ជាពិសេសខេត្តជាប់ព្រំដែន ដើម្បីបម្រើដល់ការត្រួតពិនិត្យទំនិញ និងផលិតផលប្រើប្រាស់នៅទូទាំងប្រទេស  

- លក់ដុំ និងលក់រាយអង្ករជាប្រចាំ ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ ហើយបានបញ្ចេញស្តុកស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជូនទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជូនទៅក្រសួងសុខាភិបាល ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាសកលកូវីដ-១៩៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ