ក្រសួងពាណិជ្ជកម្ម បានបិទបញ្ចប់សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ១០:២៤ នាទី យប់

👁 10

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ វត្តមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្មជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគោរពរាយការណ៍សង្ខេបនូវសមិទ្ធផលសំខាន់ៗ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី  និងអង្គសន្និបាតនូវសមិទ្ធផលសំខាន់ៗដែលក្រសួងពាណិជ្ជកម្មសម្រេចបានក្នុងឆ្នាំ២០២១ នេះ រួមមាន៖

- បានដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលទិន្នន័យថ្មី របស់ក្រសួងពាណិជ្ជកម្ម ដែលមានលក្ខណៈទំនើបស្របតាមស្តង់ដារ និងបច្ចេកវិទ្យាខ្ពស់ ព្រមទាំងបំពាក់នូវបរិក្ខាជំនាន់ចុងក្រោយ

- បានអនុវត្តយ៉ាងល្អនូវកម្មវិធីកំណែទម្រង់រដ្ឋបាល ហិរញ្ញវត្ថុ ការផ្តល់សេវាសាធារណៈ ការពង្រឹងយន្តការការងារ និងការធ្វើប្រតិភូកម្មជូនថ្នាក់ក្រោមជាតិ

- បានចុះម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត និងម៉ាកសមូហភាពចំពោះផលិតផលមួយចំនួន ព្រមទាំងបានចុះ MoU ជាមួយអង្គការ WIPO ដើម្បីធ្វើសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ

- បានកសាងច្បាប់ បទដ្ឋានគតិយុត្ត និងយុទ្ធសាស្រ្តពាណិជ្ជកម្មសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា រួមមាន ច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់និងអនុក្រឹត្យស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្តីពីភ្នាក់ងារពាណិជ្ជកម្ម វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីបញ្ជីពាណិជ្ជកម្ម និងវិធានពាណិជ្ជកម្ម។

- បានចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ទាំងក្នុង និងក្រៅប្រទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ ព្រមទាំងបានរៀបចំដាក់ដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន នៅប្រទេសចិនចំនួន0៣ទីតាំងបន្ថែមទៀត និងកំពុងសិក្សាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីផ្សារប្រទេសជប៉ុន

- បានសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពន្លឿននីតិវិធីចរចាលើពិធីសារអនាម័យ និងភូតគាមអនាម័យចំពោះសិផលមួយចំនួន ជំរុញការនាំចេញដោយផ្ទាល់ទៅប្រទេសចិន

- បានចរចាបើកច្រកទីផ្សារសម្រាប់ទំនិញកម្ពុជាតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ, កម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងត្រូវចូលជាធរមាននៅឆ្នាំ២០២២ខាងមុខ។

- សម្រេចបានគោលនយោបាយជាតិស្តីពីដំឡូងមី និងបានបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី សេចក្តីព្រាងបឋមគោលនយោបាយម្រេចកម្ពុជា ហើយកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យស្មូនដីកម្ពុជា មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និងមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ថ្មកម្ពុជា

- បានដាក់ចេញនូវកម្មវិធីជាយុទ្ធសាស្ត្រចំនួន០៧ រួមមាន កម្មវិធីសុវត្ថិភាពម្ហូបអាហារ កម្មវិធីការពារអ្នកប្រើប្រាស់ កម្មវិធីកិច្ចការប្រកួតប្រជែង កម្មវិធីកិច្ចការហាឡាល កម្មវិធីត្រួតពិនិត្យជាភាគីទី៣ កម្មវិធីអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការ និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស។

- បានត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ/ដេប៉ូ បានបង្ក្រាប រឹបអូស កម្ទេចចោលអាល់កុល ជែលលាងដៃដែលមានផ្ទុកសារធាតុមេតាណុល ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ បានបង្ក្រាបករណីពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ករណីផលិតផលក្លែងក្លាយ ករណីការផ្សាយពាណិជ្ជកម្មដែលមានភ្ជាប់រង្វាន់ ស្របតាមវិធានការពិន័យអន្តរការណ៍លើបទល្មើសក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

- បានបញ្ចេញស្តុកស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលជូនទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងសុខាភិបាល តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់  និងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតជាសកលកូវីដ-១៩។

 

ចំពោះទិសដៅការងារសំខាន់ៗ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២ វិញ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថា ក្រសួងពាណិជ្ជកម្មនឹង៖

- បន្តផ្សព្វផ្សាយពីសក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចូលជាធរមានដូចជា ជាមួយ ចិន កូរ៉េ អាសិប ជាដើម ដើម្បីទាក់ទាញវិនិយោគិន និងផ្តល់ឱកាសឱ្យវិស័យឯកជនចាប់យកកាលានុវត្តភាព ទាញយកប្រយោជន៍  

- បន្តការធ្វើសមាហរណកម្មស៊ីជម្រៅចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗ ជាពិសេសត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានឱ្យទទួលបានជោគជ័យ

- បន្តពិគ្រោះយោបល់ជាមួយវិស័យឯកជនដើម្បីផ្សព្វផ្សាយ និងអនុវត្តឱ្យបានពេញលេញនូវច្បាប់ដែលបានអនុម័តរួចរាល់ហើយបន្តរៀបចំគោលនយោបាយជាតិលើវិស័យជាអាទិភាពផ្សេងទៀត   បន្ថែមពីលើដំឡូងមី ស្វាយចន្ទី ម្រេច ដោយផ្តោតសំខាន់លើការចងក្រងសមាគមផលិតករ សំដៅពង្រឹងគុណភាព ម៉ាកយីហោ សមត្ថភាពប្រកួតប្រជែង និងជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល

- បន្តការងារធ្វើប្រតិភូកម្មអំណាចជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាទៅជិតអ្នកប្រើប្រាស់ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្វ័យប្រវត្តកម្ម និងថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់លក់-ទិញទំនិញ  

- បន្តកសាង និងបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនគុណភាពសេវាសាធារណៈ  

- បន្តសហការល្អជាមួយដៃគូជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ សហគមន៍អឺរ៉ុប អាមេរិក ប្រទេសចិន អូស្ត្រាលី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន។

នៅចុងបញ្ចប់នៃសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គសន្និបាតថាថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្មទាំងអស់ និងប្តេជ្ញាដឹកនាំនិងអនុវត្តទិសដៅ ការងារពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២២ ឱ្យបានជោគជ័យតាមការគ្រោងទុក តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  

ថ្លៃងក្នុងឱកាសប្រកាសបិទបញ្ចប់សនិ្នបាតប្រចាំឆ្នាំក្រសួងពាណិជ្ជកម្មឆ្នាំ២០២១  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់នូវសមិទ្ធិផលគន្លឹះដែលក្រសួងបានខឹតខំធ្វើបាននាអំឡុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតជម្ងឺសកល ហើយបានផ្តល់អនុសាសន៍ណែនាំបន្ថែមមួយចំនួន ដើម្បីក្រសួង-ស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តស្របតាមទិសដៅការងារពាណិជ្ជកម្ម សម្រាប់ឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ។ អនុសាសន៍សំខាន់ៗ មានដូចខាងក្រោម៖  

- ការកែទម្រង់ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម និង ភាពប្រកួតប្រជែង ដើម្បីចាប់យកកាលានុវត្តភាពនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច ដែលកើតចេញពីការផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម ក្នុងតំបន់ចូលមកកាន់កម្ពុជា  

- ការចូលរួមកំណែទម្រង់ស៊ីជម្រៅជាមួយរដ្ឋាភិបាល ក្នុងកិច្ចការលុបបំបាត់ឧបសគ្គនៃការធ្វើធុរកិច្ច សម្របសម្រួលគោលនយោបាយថ្មីបែបជាកញ្ចប់ជាមួយប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាឱនភាពជញ្ជីងពាណិជ្ជកម្មធំ លើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងការរលើកកម្ពស់គុណភាពសេវាសាធារណៈ

- ចូលរួមអនុវត្ត ក្នុងឆន្ទៈមុតស្រួច និងភាពជាម្ចាស់ នូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣

- ជំរុញការផ្សព្វផ្សាយការអនុវត្តច្បាប់សំខាន់ៗ និងលើកកម្ពស់កិច្ចសហការជាមួយអង្គការអន្តរជាតិ ដែលមានចរិតឯករាជ្យផ្នែកវិជ្ជាជីវៈ ដើម្បីសិក្សាពីកាលបរិច្ឆេទ និងលទ្ធភាពនៃការចាកចេញរបស់កម្ពុជា ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។ល។

ជាកិច្ចបញ្ចប់ បន្ទាប់ពីបានស្តាប់អនុសាសន៍ណែនាំបន្ថែមពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីរួចមក ឯកឧត្តមរដ្ឋមន្រ្តី និងមន្ត្រីក្រោមឱវាទក្រសួង បានថ្លែងអំណរគុណចំពោះអនុសាសន៍ដ៏មានអត្ថន័យ និងប្តេជ្ញាយកទៅអនុវត្តស្របតាមទិសដៅការងារពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យបន្តទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ