ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ១១:០០ នាទី ថ្ងៃត្រង់
👁 2
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការជាតិសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ព្រមទាំងមានការចូលរួមពីសមាសភាពគណៈកម្មការជាតិ អនុគណៈកម្មការ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលស្ថិតក្រោមសសរស្តម្ភទាំងបីរបស់អាស៊ានផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា កិច្ចប្រជុំនេះបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ (១) បច្ចុប្បន្នភាពនៃការត្រៀមរបស់កម្ពុជាសម្រាប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ដោយក្នុងនោះមានការរាយការណ៍អំពីវឌ្ឍនភាពតាមក្រុមការងារពាក់ព័ន្ធ ដូចជាការរៀបចំខ្លឹមសារនិងឯកសារ ភ័ស្តុភារ ពិធីការ សន្តិសុខ ពត៌មាន ហិរញ្ញវត្ថុ ព្រឹត្តិការណ៍អម និងការគ្រប់គ្រងជំងឺកូវីដ-១៩ ជាដើម។ (២) បច្ចុប្បន្នភាពនៃការរៀបចំបញ្ជីសមិទ្ធផលអាទិភាពពីគ្រប់វិស័យក្រោមសសរស្តម្ភអាស៊ានទាំងបី សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបដោយសង្ខេបជូនអង្គប្រជុំអំពី គោលដៅយុទ្ធសាស្ត្រ និងសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) ដែលកម្ពុជាបានត្រៀមសម្រាប់ឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបច្ចុប្បន្នភាពការងារដែលក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម សម្រេចបានក្រោមការសហការជាមួយអន្តរក្រសួងពាក់ព័ន្ធ ក៏ដូចជាលេខាធិការដ្ឋានអាស៊ាន។
នៅកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងជាប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអន្តរក្រសួង-ស្ថាប័នក្រោមសសរស្តម្ភទាំងបី ដែលបានខិតខំប្រឹងប្រែងលើការងារត្រៀម និងចូលរួមផ្តល់ធាតុចូលនិងមតិយោបល់ក្នុងកិច្ចប្រជុំខាងលើ។ អង្គប្រជុំប្តេជ្ញាបន្តសហការគ្នា ធ្វើយ៉ាងណាឱ្យការត្រៀមរៀបចំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ប្រព្រឹត្តទៅបានដោយរលូននិងប្រកបដោយជោគជ័យ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣