ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមអមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីអបអរសាទរការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា

ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ម៉ោង ០៥:៥៣ នាទី ល្ងាច

👁 13

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីអបអរសាទរការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងការសម្ពោធជាផ្លូវការសមាគមមូលនិធិសប្បុរសធម៌ជាំងស៊ូ ក្រោមធិបតីភាព សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងមានការអញ្ញើចូលរួមពីលោកឧកញ៉ា តុង ចំរើន ប្រធានសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ព្រមទាំងសមាជិកសមាជិការរបស់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ជាច្រើនរូប។

ថ្លែងក្នុងពិធីអបអរសាទរនេះ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រាសជាំងស៊ូ នៅកម្ពុជា ដែលបានផ្ដួចផ្ដើម និងបង្រួបបង្រួមសហគ្រិន អ្នកជំនាញ បញ្ញវន្ត និងនិស្សិតមកពីខេត្តជាំងស៊ូ ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម នៃប្រទេសទាំងពីរ កម្ពុជា-ចិន។ សម្ដេចក៏បង្ហាញក្ដីសង្ឃឹមថា នៅអាណត្តិទី២នេះ សមាគមនឹងដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ដើម្បីប្រយោជន៍ប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តខិតខំប្ដេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថេរភាពជាតិឱ្យបានរឹងមាំង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នយោបាយ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ជាក់ស្ដែងក្រសួងមហាផ្ទៃកម្ពុជា មានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងសន្តិសុខសាធារណៈចិន និងបានចុះហត្ថលេខាលើផែនការការងារដើម្បីបន្តអនុវត្តការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កាលពីខែកញ្ញាឆ្នាំ២០២១កន្លងទៅ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានកាន់តែល្អប្រសើរ ជាពិសេសរួមចំណែកសម្រេចឱ្យបាននូវទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីបានបន្តថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ការវិនិយោគរបស់ចិននៅកម្ពុជា បន្តឈរនៅលំដាប់ទី១ ហើយទំហំពាណជ្ជកម្មទ្វេភាគីសម្រេចបាន៥ពាន់លានដុល្លារ កើនឡើង៣១ភាគរយបើធៀបនឹងឆ្នាំ២០២០ ក្នុងនោះ ខេត្តជាំងស៊ូគឺជាខេត្តមួយរបស់ចិនដែលមានទំនាក់ទំនងល្អជាមួយខេត្តព្រះសីហនុរបស់កម្ពុជា ហើយកម្ពុជាក៏បាននិងកំពុងខិតខំប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត ពីខេត្តជាំងស៊ូ និងពីតំបន់ផ្សេងៗទៀតនៅប្រទេសចិន ព្រមទាំងបណ្ដាប្រទេសនានាលើពិភពលោកផងដែរ។

នៅកិច្ចបញ្ជប់ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះស្មារតី និងសកម្មភាពរបស់សមាគមសហគ្រាសជាំងស៊ូកន្លងមក ចំពោះការរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពមនុស្សធម៌ និងការជួយគាំទ្រដល់ការងារសង្គមនៅកម្ពុជា តាមរយៈការកៀរគរជំនួយសម្ភារៈ ដើម្បីជួយសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសចូលរួមក្នុងការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា សមាគមសហគ្រិនចិនជាំងស៊ូ នៅកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការនៅកម្ពុជានាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដើម្បីទាក់ទាញអ្នកវិនិយោគពាណិជ្ជករ អាជីវករ និងអ្នកទេសចរណ៍ មកពីខេត្តជាំងស៊ូកាន់តែច្រើនថែមទៀត ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច កម្ពុជា ក៏ដូចជារួមចំណែកពង្រឹងពង្រីកមិត្ដភាពកម្ពុជា-ចិន ផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ