កម្ពុជាបានរកឃើញជ័យលាភីប្រណាំងទោចក្រយានថ្នាក់ជាតិឆ្នាំ២០២១, ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡា​ទោ​ចក្រយាន ជំរុញឱ្យកីឡាករបន្តពង្រឹងសមត្ថភាពបន្ថែម ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម២០២៣

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ម៉ោង ០១:៣៦ នាទី រសៀល

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(សៀមរាប)៖ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២២​ កន្លងទៅ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២១ ធ្វើឡើងរយៈពេលមួយថ្ងៃពេញលើទឹកដីសៀមរាបអង្គរ ត្រូវបានបញ្ចប់ដោយជោគជ័យ ជាមួយស្នាមញញឹម និងក្តីរីករាយ។ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានជំរុញឱ្យកីឡាករទាំងអ្នកទទួលជយលាភី និងមិនបានទទួលជយលាភីទាំងអស់ បន្តប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែម ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។

ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ត្រូវបានរៀបចំឡើងរយៈពេលមួយថ្ងៃ គឺថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដោយធ្វើឡើងចំនួនពីរវិញ្ញាសា រួមមាន៖ វិញ្ញាសាទី១ គឺកង់គួក (Road Bike) ដែលមាន៖ កង់គួកបុរសឈុតធំ (Men Elite Road Bike) កង់គួកបុរសថ្នាល (Men Junior Road Bike) និងកង់គួកបុរស អាយុចាប់ពី៤០ឆ្នាំឡើង (Men Master Road Bike)។ និងវិញ្ញាសាទី២ គឺកង់ភ្នំ (Mountain Bike) ដែលមាន៖ កង់ភ្នំបុរសឈុតធំ (Men Elite Mountain Bike) កង់ភ្នំបុរសថ្នាល (Men Junior Mountain Bike ) កង់ភ្នំនារី (Women Mountain Bike ) កង់ភ្នំបុរស អាយុចាប់ពី៤០ឆ្នាំឡើង (Men Master Mountain Bike )។

ជ័យលាភីពីលេខ១ ដល់លេខ៥ តាមរប្រភេទវិញ្ញាសានីមួយៗមានចំនួនសរុបទាំងអស់ ៣៥នាក់។ សម្រាប់ប្រាក់រង្វាន់ អ្នកទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបាន ៥០០,០០០រៀល, ចំណាត់ថ្នាក់លេខ២ទទួលបាន ៤០០,០០០រៀល, ចំណាត់ថ្នាក់លេខ៣ទទួលបាន ៣០០,០០០រៀល, ចំណាត់ថ្នាក់លេខ៤ ទទួលបាន ២០០,០០០រៀល, ចំណាត់ថ្នាក់លេខ៥ទទួលបាន ១៥០,០០០រៀល និងមានរង្វាន់លើកទឹកចិត្តមួយចំនួនទៀត។

ថ្លែងក្នុងពិធីបិទការប្រកួត ឯកឧត្តមតំណាងប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានសម្ដែងនូវការកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

ឯកឧត្តមបន្តថា តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ និងត្រូវបានអន្តរជាតិទទួលស្គាល់ថា មានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ចសង្គម និងទទួលបាននូវកាលានុវត្តភាពថ្មីៗ ពុំធ្លាប់មានទាំងសម្រាប់ការងារកែទម្រង់ស៊ីជម្រៅដើម្បីអភិវឌ្ឍ ការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ចជាប្រចាំ ព្រមទាំងទទួលបាននូវទំនុកចិត្តឱ្យទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យវិស័យកីឡាទោចក្រយានកាន់តែមានការរីកចម្រើនសម្រាប់ ជាពិសេសការទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣។ អនុសាសន៍ទាំងនោះមានដូចខាងក្រោម៖

១-  ត្រូវខិតខំបណ្តុះបណ្តាលកីឡាករថ្នាល បង្កើនបរិមាណកីឡាករ-កីឡាការិនី តាមបណ្តា​ក្លិប-សមាគម កីឡាទោចក្រយាន រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន ឱ្យបានទូលំទូលាយ  និង​មាន​ធនធាន​មនុស្ស និង​សម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលហ្វឹកហាត់ និង​ការ​ចូលរួម​ប្រកួត​ពីថ្នាក់ភូមិភាគ និង​ប្រកួតថ្នាក់ជាតិ ព្រោះកីឡាទោចក្រយានទាំង ០២ប្រភេទនេះ ​ត្រូវ​បាន​រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម ដាក់​បញ្ជូល​ក្នុង​វិញ្ញាសា​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

២-  ត្រូវ​ពង្រឹងសមត្ថភាព គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីរៀបចំការ​ប្រកួតឲ្យកាន់​តែល្អ​ប្រសើរ​ទាំង​បរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួត នៅគ្រប់កម្រិតទាំងថ្នាក់ជាតិ និង​អន្តរជាតិ

៣-  ត្រូវជំរុញ​ឱ្យមានការហ្វឹកហាត់​ជាប្រចាំ និងការប្រកួតឱ្យបានច្រើន នៅតាមបណ្តាក្លិប-សមាគម
នៅទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ

៤-  ត្រូវពង្រឹង​រចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង​របស់​សហព័ន្ធ និងទំនាក់ទំនងល្អ រវាងក្លឹប-សមាគម​ទូទាំង​ប្រទេស

៥-  ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យ​បានច្រើន​ក្នុង​មួយ​ឆ្នាំៗ តាមដែលអាចធ្វើបាន។

ជាពិសេស ត្រូវអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានណែនាំថាប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខ។

សម្រាប់ព្រឹត្តិការណ៍នេះដែរ ត្រូវបានឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន Herbalife Nutrition ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្គត់ផ្គង់ និងចែកចាយផលិតអាហារូបត្ថម្ភតាំងពីឆ្នាំ ១៩៨០ ទៅកាន់ជាង ៩០ ប្រទេសលើពីភពលោក ហើយក្រុមហ៊ុនមានយុទ្ធនាការលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ ដោយនាំយកអាហារូបត្ថម្ភ និងការអប់រំទៅដល់សហគមន៍នៅជុំវិញពិភពលោក៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ