ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Retreat) តាមប្រព័ន្ធវីដេអូ

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ម៉ោង ០១:៥០ នាទី រសៀល

👁 13

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ (SEOM Chair for 2022) បានដឹកនាំកិច្ចប្រជុំចង្អៀតឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (the Retreat of Senior Economic Officials’ Meeting - SEOM Retreat)  តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមដោយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកនីមួយៗ និងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនសមាជិកអង្គប្រជុំទាំងអស់ និងស្នើសុំផ្តល់នូវការគាំទ្រ និងចូលរួមផ្លាស់ប្តូរមតិយោបល់លើបញ្ហាលើរបៀបវារៈនីមួយៗ ដើម្បីដោះស្រាយរួមគ្នា។ 

អង្គប្រជុំ បានធ្វើការកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមានជាអាទិ៍៖ 

- ផែនការសកម្មភាពនិងកិច្ចការដែលសម្រេចបាន និងបន្តអនុវត្តកាងារ ស្របតាមការណែនាំនិងសេចក្តីសម្រេចរបស់កិច្ចប្រជុំកម្រិតខ្ពស់

- អាទិភាពការងារសម្រាប់ឆ្នាំ២០២២ រួមមាន (១) សមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២ និង (២) ការងារអាទិភាពប្រចាំឆ្នាំ២០២២ របស់ក្រុមការងារអន្តរវិស័យ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន

- កម្មវិធីការងារសម្រាប់កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២

- បច្ចុប្បន្នភាពនៃសំណើរបស់ប្រទេសទីម័រខាងកើតសម្រាប់ចូលជាសមាជិកអាស៊ាន

- ប្រតិទិនកិច្ច​ប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន​​ឆ្នាំ​២០២២ និង

- របៀបវារៈសំខាន់ៗផ្សេងទៀត ដូចជា៖ ការត្រៀមរៀបចំសម្រាប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងកាណាដា និងបច្ចុប្បន្នភាពនៃការអនុម័តលើអនុស្សារណៈយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ឧស្សាហកម្មអាស៊ាន-កូរ៉េ។

បន្ថែមពីនោះទៀត ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជម្រាបជូនអង្គប្រជុំអំពីខ្លឹមសារដ៏សំខាន់នៃមូលបទ “អាស៊ានរួមគ្នាធ្វើ - ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)” ដែលកម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងវឌ្ឍនភាពនៃការរៀបចំបញ្ជីសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនីមួយៗ និងខ្លឹមសារសំខាន់ៗនៃសមិទ្ធផលអាទិភាពទាំងនេះ ដោយផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) ចំនួន៤ ៖ (១) លើកកម្ពស់ដល់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២) កាត់បន្ថយគម្លាតនៃការអភិវឌ្ឍសំដៅទៅរកភាពប្រកួតប្រជែងអាស៊ាន (៣) អាស៊ានដែលប្រកបដោយសមាហរណកម្ម បរិយាប័ន្ន ការរួបរួមគ្នាជាធ្លុងមួយ ភាពធន់រឹងមាំ និងភាពប្រកួតប្រជែង និង (៤) សាកលភាវូបនីយកម្មអាស៊ានដើម្បីភាពរីកចម្រើននិងអភិវឌ្ឍន៍ ។

ជាលទ្ធផលសមាជិកអង្គប្រជុំទាំងអស់ ក៏បានផ្លាស់ប្តូរមតិយោបល់ ពិភាក្សា និងចូលរួមយ៉ាងសកម្មទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ