ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅអាស៊ាន

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ម៉ោង ១០:១៣ នាទី ព្រឹក

👁 22

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម      ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Will Nankervis ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅអាស៊ាន អមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងសហការី។ ក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរផោ្តតសំខាន់លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អូស្រ្ដាលី និងបានបញ្ជាក់នូវសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធទ្វេភាគី ជាមួយអូស្ត្រាលី លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យពាណិជ្ជកម្ម និងវិនិយោគ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និង   អូស្ត្រាលី ជាពិសេសការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី ដល់ការជួយរៀបចំច្បាប់ព បទដ្ឋានគតិយុត្តមួយចំនួនពាក់ព័ន្ធនឹងការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ជាពិសេសការពង្រឹងសមត្ថភាពស្ថាប័នរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់  កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) នៃក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយ   គាំទ្រដល់វិស័យកសិកម្មកម្ពុជា តាមរយៈកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និង ការសិក្សាកំណត់អត្តសញ្ញាណលើផលិតផលកសិកម្មកម្ពុជាដែលមានតម្លៃខ្ពស់ ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ដែលបានផ្ដល់ជូនប្រជាជន និងរដ្ឋាភិបាលកម្ពុជានូវជំនួយវ៉ាក់សាំង Pfizer ចំនួនជាង ពីរលានដូស ដែលវ៉ាក់សាំងនេះ នឹងរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិប្រកបដោយជោគជ័យ និងបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្នុងនាមជាតំណាងជាតិសហគមន៍សេដ្ឋកិច្ច អាស៊ានឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មប្តេជ្ញាចិត្តខិតខំប្រឹងប្រែង សហការជាមួយសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពការងារប្រចាំឆ្នាំផ្សេងទៀតរបស់អាស៊ាន ប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ។  

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅអាស៊ាន បានបង្ហាញនូវការគាំទ្រដល់កម្ពុជាក្នុងភាពជាប្រធានអាស៊ាន និងជំរុញកិច្ចសហប្រតិបតិ្តការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអូស្រ្តាលី-អាស៊ាន ក៏ដូចជាកម្រិតទ្វេភាគី ដោយផ្តោតសំខាន់ៗលើវិស័យសំខាន់ៗ ដូចជា (១) គំនិតផ្តួចផ្តើមអូស្រាលីសម្រាប់អាស៊ាននាពេលអនាគត (Australia for ASEAN Futures Initiative) (២) គម្រោងអាហារូបករណ៍សម្រាប់និស្សិតអាស៊ាន និង (៣) គំនិតផ្តួចផ្តើមអូស្ត្រាលីសម្រាប់ការប្រែក្លាយឌីជីថលអាស៊ាន និងជំនាញនាពេលអនាគត (Australia for ASEAN Digital Transformation and Future Skills Initiative) ដែលនឹងគាំទ្រដល់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាដៃគូជំនួយបច្ចេកទេសរវាងស្ថាប័នអូស្ត្រាលី និងអាស៊ាន និងកិច្ចពិភាក្សាគោលនយោបាយជំនាញថ្មីជាដើម៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ