ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមផ្តល់បទអន្តរាគមន៍ខ្លី ក្នុងសម័យប្រជុំកម្រិតខ្ពស់ (High-level Session) នៃកិច្ចប្រជុំតុមូលចិនលើកទី១០

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ម៉ោង ០៦:១៤ នាទី ល្ងាច

👁 25

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង  ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ចូលរួមសម័យប្រជុំកម្រិតខ្ពស់ (High-level Session) នៃកិច្ចប្រជុំតុមូលចិនលើកទី១០ ស្តីពី ”ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)៖ ខួប១០ឆ្នាំនៃការកសាងសមត្ថភាពក្រោមកម្មវិធីជំនួយរបស់ប្រទេសចិន” និងបានផ្តល់បទអន្តរាគមន៍ខ្លីក្នុងកិច្ចពិភាក្សាបើកចំហរតុមូល សម្រាប់សំណួរ  “តើប្រទេសអភិវឌ្ឍន៍តិចតួចអាចទាញយកផលប្រយោជន៍យ៉ាងដូចម្តេចពីដំណើរការចូលជាសមាជិក និងក្នុងនាមជាសមាជិកភាពរបស់អង្គការ WTO ដើម្បីជំរុញភាពធន់ផ្នែកសេដ្ឋកិច្ច” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីប្រារព្វខួប១០ឆ្នាំ នៃកម្មវិធី China Programme ដោយឆ្លុះបញ្ចាំងអំពីសារៈសំខាន់របស់កម្មវិធីនេះលើការចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នានាក្នុងអង្គការ WTO និងកំណត់អំពីទិសដៅរបស់កម្មវិធីសម្រាប់ពេលអនាគត។

នៅក្នុងបទអន្តរាគមន៍ខ្លី ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីគុណប្រយោជន៍នៃការចូលជាសមាជិករបស់កម្ពុជាក្នុង

អង្គការ WTO ដែលបានធ្វើឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ក្លៀវក្លា ការកសាងសមត្ថភាពធនធានមនុស្សឱ្យប្រសើរឡើង និងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗជាដើម។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការចូលជាសមាជិកនៃអង្គការនេះបានជួយឱ្យប្រទេសអភិវឌ្ឍន៍តិចតួចទទួលបាននូវប្រព្រឹត្តកម្មពិសេសនិងដោយឡែក (Special and Differential Treatment) និងការចូលទីផ្សារដោយទទួលនូវភាពអនុគ្រោះ ក៏ដូចជាវិធានការគាំទ្រពិសេសផ្សេងទៀត ដែលគុណប្រយោជន៍ទាំងនេះអាចជួយសម្រួលដល់ការធ្វើសម្មាហរណកម្មរបស់ប្រទេសអភិវឌ្ឍន៍តិចតួចចូលទៅក្នុងប្រព័ន្ធ

ពាណិជ្ជកម្មពហុភាគី។

យ៉ាងណាមិញ  ឯកឧត្តមក៏បានលើកយកពីបញ្ហាប្រឈមនានាដែលបានកើតឡើង ដែលតម្រូវឱ្យប្រទេសសមាជិកមានដំណោះស្រាយ តួយ៉ាងដូចជា តម្រូវការក្នុងការកសាងរចនាសម្ព័ន្ធផ្នែកទន់និងផ្នែករឹងពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ក្របខ័ណ្ឌបទប្បញ្ញត្តិនិងច្បាប់បទដ្ឋានគតិយុត្ត ក៏ដូចជាទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័នជាដើម។

ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ឱ្យមានការត្រៀមខ្លួនសម្រាប់ដំណើរការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះការចាកចេញនឹងធ្វើឱ្យបាត់បង់នូវភាពអនុគ្រោះ  ក្នុងនោះរួមមាន ត្រូវត្រៀមរៀបចំកែលម្អផ្ទៃក្នុងក្របខណ្ឌថ្នាក់ជាតិរបស់ខ្លួន ដើម្បីធានាបាននូវការចូលទីផ្សារ និងត្រូវកែលម្អរចនាសម្ព័ន្ធ ដើម្បីរក្សាបាននូវភាពប្រកួតប្រជែងនៅក្រោយពេលចាកចេញ។

សូមជម្រាបផងដែរថា កិច្ចប្រជុំតុមូលចិនលើកទី១០ ដែលមានរយៈពេលបីថ្ងៃនេះ ត្រូវបានបែងចែកជាពីរកម្រិត គឺសម័យប្រជុំកម្រិតខ្ពស់ (High-level Session) និងសម័យប្រជុំកម្រិតជំនាញ (Expert-level Session) ដែលត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានអង្គការ WTO និងឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលចិន ដែលជាផ្នែកមួយស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងប្រទេសចិន និងអង្គការ WTO ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅ និងមានការចូលរួមផងដែរពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន រដ្ឋមន្ត្រី និងអ្នកតំណាងជាន់ខ្ពស់របស់ប្រទេសជាសមាជិកអង្គការ WTO អគ្គនាយកអង្គការ WTO ព្រមទាំងអ្នកជំនាញការ និងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ