កិច្ចជំនួបពិភាក្សាការងារជាមួយលោក Chris Humphrey នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន នាអំឡុងទស្សនកិច្ចផ្លូវការនៅកម្ពុជា អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ម៉ោង ០៦:៥៥ នាទី ល្ងាច

👁 7

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក គ្រីស ហាមភ្រី (Chris Humphrey) នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដែលជាព្រឹត្តការណ៍អមមួយនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលគ្រោងនឹងរៀបចំនៅកម្ពុជា នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងធុរជនកម្ពុជា និងអឺរ៉ុប ដែលជួយជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារជូនប្រជាជន។ លោកជំទាវបានលើកឡើងថា អាស៊ាននៅតែជាដៃគូដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប រីឯសហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់អាស៊ាន។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតបរិយាកាសធុរកិច្ចនិងវិនិយោគល្អ ដោយអនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ តាមរយៈការធ្វើកំណែទម្រង់ស្ថាប័ន ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិនានា សម្រាប់កិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ ដែលបទប្បញ្ញត្តិទាំងនេះ នឹងផ្តល់ការការពារសិទ្ធិ រួមទាំងផលប្រយោជន៍ស្របច្បាប់ ដល់ធុរជន និងអ្នកប្រើប្រាស់ទាំងអស់នៅកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការបន្តថា ក្នុងឱកាសដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ាន និងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម មានសុទិដ្ឋិនិយមចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការអនុវត្តស្របតាមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការពន្លឿនសមាហរណកម្មតំបន់ និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ប្រកបដោយបរិយាប័ន្ន និងចីរភាព។

ជាការឆ្លើយតប លោក គ្រីស ហាមភ្រី (Chris Humphrey) នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតបរិយាកាសធុរកិច្ចនិងវិនិយោគល្អ តាមរយៈការធ្វើកំណែទម្រង់ស្ថាប័ន ការកសាងច្បាប់ និងបទប្បញ្ញត្តិនានា កន្លងមក។

លោកនាយកប្រតិបត្តិរំលឹកថា កាលពីឆ្នាំ២០១២ កម្ពុជា ធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន លើកទី២ ប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ហើយដើម្បីរក្សារបាននូវភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសហភាពអឺរ៉ុប-អាស៊ានបន្តទៀត លោកនាយកប្រតិបត្តិប្ដេជ្ញាបន្តកិច្ចសហការល្អ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលខាងមុខនេះ។

នៅកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់លោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដែលបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់នូវកិច្ចសហការក្នុងការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ឱ្យទទួលបានភាពជោគជ័យ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ