ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ម៉ោង ១០:០៤ នាទី ព្រឹក
👁 17
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កន្លងទៅ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មបាន រៀបចំសន្និបាតបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២១ និងលើកទិសដៅការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២២របស់ខ្លួន នៅទីស្តីការក្រសួង និងតាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ផាណ្ណា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ព្រមទាំង លោក លោកស្រី ដែលជាមន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានកម្មសិទ្ធិបញ្ញាប្រមាណ ៧៣ រូប ។
សន្និបាតប្រចាំឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំ២០២១កន្លងទៅ ពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២២ ព្រមទាំងទទួលយកអនុសាសន៏ណែនាំល្អៗពីថ្នាក់ដឹកនាំក្រសួងដើម្បីសម្រួលសេវាចុះបញ្ជីម៉ាក ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួន វិជ្ជា បានមានចំណាប់អារម្មណ៍ និងមតិស្វាគមន៍ជូនឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងអង្គសន្និបាតអំពីការអភិវឌ្ឍកម្មសិទ្ធិបញ្ញាដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលនៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ និងតួនាទីគន្លឹះក្នុងការជំរុញកំណើននិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបានបន្តថា សន្និបាតថ្ងៃនេះនឹងផ្តល់ឱកាសឱ្យនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានពង្រឹង និងពង្រីកកិច្ចសហការក្នុងក្របខណ្ឌក្រសួងពាណិជ្ជកម្ម និងក្នុងក្របខណ្ឌភាពជាដៃគូរដ្ឋ និងឯកជនផងដែរ ដើម្បីជំរុញការចូលរួមពីគ្រប់ភាគីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសកម្មសិទ្ធិបញ្ញានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើអនុសាសន៍ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងធាតុចូលបន្ថែមពីផ្នែកឯកជន នាយកដ្ឋានកម្មសិទ្ធិបញ្ញានឹងរៀបចំយន្តការដោះស្រាយបញ្ហាប្រឈម ដែលមានចរិកលក្ខណៈឆ្លើយតបឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ ដើម្បីកសាងសុខដុមនីយកម្មក្នុងវិស័យធុរកិច្ច លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងផលិតផលក្នុងស្រុក និងទាក់ទាញការវិនិយោគដែលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍផលិតផលនៅប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកស្រី កែវ ចន្ទឆវី អនុប្រធាននាយកដ្ឋានបានធ្វើសេចក្តីរាយការណ៍សង្ខេបជូនអង្គសន្និបាតអំពីសកម្មភាព និងលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២១ ចំណែក លោក ឡៅ រាសី អនុប្រធាននាយកដ្ឋានបានលើកពីបញ្ហាប្រឈម និងសំណូមពរជូនអង្គសន្និបាត និងថ្នាក់ដឹកនាំក្រសួងផ្តល់ការណែនាំ និងចំណាប់អារម្មណ៏ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២២របស់ប្រធានការិយាល័យនីមួយៗ ។
តាមរបាយការណ៍សង្ខេប ក្នុងឆ្នាំ២០២១ នាយកដ្ឋានបានសម្រេចសមិទ្ធផលការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖ (១)បានកាត់បន្ថយរយៈពេលនៃការចុះបញ្ជីម៉ាកត្រឹម ៥ខែ ទៅ ៧ខែ (២) បានដោះស្រាយដំណើរការនិមួយៗនៃការចុះបញ្ជីម៉ាក តួលេខដែលបង្ហាញនៅលើ Global Brand Database ពីចំនួន១៧០០០ មកនៅសល់ត្រឹម៦០០០ (៣) បានស្កេនរាល់ឯកសារទៅជាទម្រង់អេឡិចត្រូនិក (៤) បានបញ្ចប់ឯកសារចុះបញ្ជីម៉ាកដែលកកស្ទះទាំងអស់នៅក្នុងឆ្នាំ២០២០ និងមុនឆ្នាំ២០២០ ចំនួនប្រមាណជាង ៤៤៦៥ (៥)បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ម៉ាកសមូហភាព “អំបុកកំពង់ធំ” និង“អង្ករព្រះវិហារ” (៦) បានសម្របសម្រួល និងរៀបចំបែបបទសម្រាប់កម្ពុជាចូលជាសមាជិកនៃគណៈកម្មការសម្របសម្រួល(COCO) (៧) បានសម្របសម្រួលនិងរៀបចំការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា និងបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា រវាងក្រសួងពាណិជ្ជកម្ម និងសមាគមម៉ាកអន្តរជាតិ )INTA) (៨) បានរៀបចំផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាឆ្នាំ២០២១-២០២៣ (៩) បានបញ្ចប់សេក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់នូវសមិទ្ធផលគន្លឹះដែលនាយកដ្ឋានបានខិតខំសម្រេចបានដូចជា៖ (១)ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ននាយកដ្ឋានដើម្បីសម្រួលដល់ការបំពេញការងាររបស់មន្ត្រី (២) ការបន្ថែមមុខងារក្នុងប្រព័ន្ធ IPAS ដើម្បីឱ្យម្ចាស់ម៉ាកដាក់ពាក្យតាមប្រព័ន្ធអនឡាយ (៣) ការកាត់បន្ថយរយៈពេលនៃការត្រួតពិនិត្យម៉ាកមកត្រឹម ៥ខែ ទៅ ៧ខែ និង បានដោះស្រាយបញ្ហាកកស្ទះសំណុំឯកសារស្ទើរតែស្រុង (៤) ការចាប់ផ្តើមប្រើប្រាស់សារអេឡិចត្រូនិកដើម្បីជូនដំណឹងអ្នកដាក់ពាក្យ (៥)ការពង្រឹងភាពជាដៃគូទាំងក្នុងស្រុកនិងជាមួយស្ថាប័នជាតិ អន្តរជាតិ និង(៦)ការបង្កើនសមត្ថភាពមន្ត្រីសាធារណៈ និងលើកកម្ពស់ចំណេះដឹងដល់វិស័យឯកជនតាមរយៈសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើន។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងការកោតសរសើរ និងអរគុណចំពោះ ឯកឧត្តមប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្រ្តីរាជការទាំងអស់របស់នាយកដ្ឋានទាំងការដឹកនាំគ្រប់គ្រងនិងការទទួលខុសត្រូវខ្ពស់ បានធ្វើឱ្យនាយកដ្ឋានសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់ និងមានផ្លាស់ប្តូរជាច្រើនប្រកបដោយមោទនភាព និងបានថ្លែងអំណរគុណ ឯកឧត្តម សួន វិជ្ជា ដែលបានយកបញ្ញាញាណ ដើម្បីរៀបចំគោលនយោបាយជាតិកម្មសិទ្ធិបញ្ញាឱ្យលេចចេញជារូបរាងក្រោមការប្តេជ្ញាចិត្តខ្ពស់ ដោយប្រើប្រាស់ធនធានរបស់នាយកដ្ឋានផ្ទាល់សុទ្ធសាធ និងមិនបានចំណាយថវិកាជួលទីប្រឹក្សាជាតិ និងអន្តរជាតិឡើយ។ គោលនយោបាយជាតិកម្មសិទ្ធិបញ្ញាជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់មួយសម្រាប់ការអភិវឌ្ឍវិស័យកម្មសិទ្ធបញ្ញានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់មួយចំនួន ដើម្បីពង្រឹងស្មារតីឱ្យការអនុវត្តទិសដៅការងារឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត និងឱ្យស្របតាមទិសដៅការងារអាទិភាពឆ្នាំ២០២២របស់ក្រសួងពាណិជ្ជកម្ម។ អនុសាសន៍សំខាន់ៗទាំងនោះរួមមាន៖ (១)-ត្រូវបន្តអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ សំដៅពង្រឹងក្រមសីលធម៌ស្អាតស្អំ និងជំនាញវិជ្ជាជីវៈរបស់មន្រ្តី រាជការក្នុងការបំពេញការងារ តួនាទីប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់ (២)-ត្រូវបង្កើនល្បឿនកែទម្រង់ឱ្យបានស៊ីជម្រៅ និងធានាអភិបាលកិច្ចល្អ (៣)-បន្តអភិវឌ្ឍថ្នាលបច្ចេកវិទ្យាដែលមានលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអេឡិចត្រូនិក និងការគ្រប់គ្រងលំហូរទិន្នន័យឱ្យមានភាពច្បាស់លាស់ (៤)-សិក្សាពីឧត្តមានុវត្តន៍អន្តរជាតិក្នុងការពិនិត្យ និងវាយតម្លៃ ឈានទៅរកការកាត់បន្ថយនីតិវិធី និង ឯកសារ ឬការតម្រូវមិនចាំបាច់ (៥)-ខិតខំទាញប្រយោជន៍ជាអតិបរមាពីអនុស្សារណៈ នៃការយោគយល់គ្នាដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចុះកិច្ចព្រមព្រៀងរួចរាល់ (៦)- កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់បានចូលជាធរមាន លើកទឹកចិត្តឱ្យមានការសិក្សាតាមដានពីការអនុវត្តផ្នែកកម្មសិទ្ធិបញ្ញា ដើម្បីផ្តល់មតិយោបល់ជូនថ្នាក់ដឹកនាំ និងជាមូលដ្ឋានក្នុងការចរចាកិច្ចព្រមព្រៀងដទៃទៀត (៧)-ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី នាយកដ្ឋានកម្មសិទ្ធិបញ្ញាត្រូវពិនិត្យលទ្ធភាពរៀបចំកម្មវិធីសិក្សា និងរៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានីខេត្ត
នៅកិច្ចបញ្ចប់ បន្ទាប់ពីបានស្តាប់អនុសាសន៍ណែនាំបន្ថែមពីឯកឧត្តមរដ្ឋលេខាធិការរួចមក ឯកឧត្តមប្រធាននាយកដ្ឋាន និងមន្ត្រីក្រោមឱវាទនាយកដ្ឋានទាំងអស់បានថ្លែងអំណរគុណចំពោះអនុសាសន៍ដ៏មានអត្ថន័យ និងប្តេជ្ញាយកទៅអនុវត្តស្របតាមទិសដៅការងារកម្មសិទ្ធិបញ្ញាសម្រាប់ឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យបន្តទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣