លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមផ្តល់បទអន្តរាគមន៍ខ្លី ក្នុងសិក្ខាសាលាស្តីពី ”ទស្សនៈវិស័យសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន”

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ម៉ោង ០៤:៤៧ នាទី រសៀល

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមផ្តល់បទអន្តរាគមន៍ខ្លី ស្តីពី “អាទិភាពនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២” ក្នុងសិក្ខាសាលាស្តីពី “ទស្សនៈវិស័យសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន” (Cambodia’s Economic Outlook and ASEAN Chairmanship Opportunities) ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា (Sosoro Museum)។ សិក្ខាសាលានេះ ផ្តោតលើទស្សនៈវិស័យសេដ្ឋកិច្ចរបស់កម្ពុជា និងកាលានុវត្តភាពនៃភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ  បានជម្រាបជូនអំពីវឌ្ឍនភាពសេដ្ឋកិច្ច និងកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗរបស់កម្ពុជា ព្រមទាំងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ សម្រាប់សសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។

ក្នុងឱកាសនោះលោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា ទោះបីជាក្នុងបរិការណ៍កូវីដ-១៩យ៉ាងណាក្ដី ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជានៅឆ្នាំ២០២១ សម្រចបានប្រមាណ ៤៦,២៧ ប៊ីលានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ២៩% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានសម្រេចនូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើតក្របខណ្ឌគោលនយោបាយ ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគី ដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ច វិនិយោគ បង្កើនទីផ្សារនាំចេញ និងជំរុញដល់ការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដែលអាចចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ ត្រឹមឆ្នាំ២០៥០។

លោកជំទាវរដ្ឋលេខាធិការបន្តថា ក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានកំណត់ដាក់ចេញនូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនីមួយៗ (PEDs) ដោយផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) ចំនួន៤គឺ៖ (១)លើកកម្ពស់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២)កាត់បន្ថយគម្លាតនៃការអភិវឌ្ឍសំដៅទៅរកភាពប្រកួតប្រជែងអាស៊ាន (៣)អាស៊ានដែលប្រកបដោយសមាហរណកម្មបរិយាប័ន្ន ការរួបរួមគ្នាជាធ្លុងមួយភាពធន់រឹងមាំ និងភាពប្រកួតប្រជែង និង(៤)សាកលភាវូបនីយកម្មអាស៊ាន ដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។ តាមរយៈការដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រគន្លឹះទាំងនេះ កម្ពុជាមានសុទិដ្ឋិនិយមថានឹងអាចសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពសំខាន់ៗដទៃទៀតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានសំណូមពរឱ្យមានការចូលរួមសហការពីសំណាក់ស្ថាប័នដៃគូពាក់ព័ន្ធ វិនិយោគិន និងពាណិជ្ជករនានា ដើម្បីរួមចំណែកធ្វើឱ្យការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជាអាចទទួលបានភាពជោគជ័យត្រចះត្រចង់ និងជាពិសេសបានស្នើឱ្យមានការតភ្ជាប់ និងពង្រឹងទំនាក់ទំនងធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគវាងកម្ពុជា និងសហភាពអឺរ៉ុប លើវិស័យជាសក្តានុពលរបស់កម្ពុជាបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ