ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង គោលនយោបាយជាតិស្តីពីស្វាយចន្ទី

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ម៉ោង ០៨:៥០ នាទី ព្រឹក

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ទីស្តីការក្រសួងពាណិជ្ជកម្ម៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ក្រោមអធិបតីភាព  ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម លោក  លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង និងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ដែលជាលេខាធិការដ្ឋានក្រុមការងារ បច្ចេកទេសសម្រាប់សិក្សា និងចងក្រងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី។

ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងអំពីសារបាននៃគោលនយោបាយ ជាតិស្តីពីស្វាយចន្ទី ដែលកន្លងមកគោលនយោបាយនេះបានដាក់ឆ្លងកិច្ចប្រជុំជាច្រើនដូចជា កិច្ចប្រជុំកម្រិត អគ្គនាយកដ្ឋាន-អន្តរអគ្គនាយកដ្ឋាន កិច្ចប្រជុំក្រុមការងារបច្ចេកទេស និងកិច្ចប្រជុំក្រុមការងារចម្រុះរៀបចំ គោលនយោបាយស្វាយចន្ទីកម្ពុជា ព្រមទាំងបានបញ្ជូលនូវធាតុចូលពីអន្តរក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធដូចជា សមាគម អ្នកនាំចេញ អ្នកដាំដុះ ជាដើម ដើម្បីបំពេញបន្ថែមនូវរាល់ចំណុច ខ្វះខាត។

ជាលទ្ធផល អង្គប្រជុំបានបើកកិច្ចពិភាក្សាពិនិត្យកែសម្រួល និងបន្ថែមខ្លឹមសារនៅលើចំណុចសំខាន់ និងទិន្នន័យមួយចំនួននៃគោលនយោបាយនេះ ដោយរក្សានូវអត្ថន័យដើម។ ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់ អនុសាសន៍ណែនាំឱ្យលេខាធិការដ្ឋានរៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទី  ត្រៀមរៀបចំនីតិវិធីបន្តដើម្បី ស្នើសុំដាក់ពិភាក្សានៅកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗខាងមុខនេះ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ