ពិធីបើកមហាសន្និបាតកំណើតដំបូង “ក្រុមអ្នកផលិតអំបុកកំពង់ធំ”

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ០៦:៣៦ នាទី ល្ងាច

👁 22

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(កំពង់ធំ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីលោក លោកស្រី អ្នកនាង កញ្ញា បណ្តាមន្ទីរចំណុះខេត្តកំពង់ធំ។

ដើម្បីរួមចំណែកលើកកម្ពស់អំបុក និងថែរក្សាប្រពៃណីវប្បធម៌ជាតិ និងលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាកសិករ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយកថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាបុណ្យឯករាជ្យជាតិ ហើយបន្តដោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជាថ្ងៃដែលកម្ពុជា ត្រូវទទួលទានអំបុកនៅទូទាំងប្រទេសក្នុងអត្ថន័យ “ហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ”។

ដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ច និងវប្បធម៌ប្រពៃណីរបស់អំបុក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមគំនិត និងការគាំទ្រក្នុងការកសាងម៉ាកយីហោ “អំបុកកំពង់ធំ” ជាម៉ាកសមូហភាព ក្នុងគោលបំណងដើម្បីជំរុញ និងអភិវឌ្ឍសម្រាប់ចុះបញ្ជីជាម៉ាកសមូហភាព ដែលរំពឹងថានឹងចូលរួមចំណែកក្នុងការអភិរក្សរូបមន្ត វិធីសាស្រ្តប្រពៃណីនៃការផលិត “អំបុកកំពង់ធំ” ដើម្បីថែរក្សាកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរ ទាក់ទាញភ្ញៀវទេសចរ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ប្រមូលផ្តុំនូវផលិតករដែលមានជំនាញ និងទេពកោសល្យអ្នកផលិតអំបុក ដើម្បីបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់ចំណេះដឹង-ចំណេះធ្វើ ភាពច្នៃប្រឌិត ការបង្កើតរូបមន្តនិងវិធីសាស្រ្តថ្មីៗ ការចែករំលែកចំណេះដឹងបច្ចេកទេស ដល់អ្នកជំនាន់ក្រោយ និងអភិវឌ្ឍនផលិតផលថ្មីៗបន្ថែមទៀត និង ផ្តល់ឱកាសក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងជំនាញបច្ចេកទេស នៃការផលិតអំបុក ជាមួយអ្នកផលិតនៅតំបន់ផ្សេងទៀត និងចូលរួមការប្រកួតប្រជែងអំបុកថ្នាក់ជាតិ។

នៅចុងបញ្ចប់ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឲ្យក្រុមអ្នកផលិតអំបុកកំពង់ធំ និងក្រុមប្រឹក្សាភិបាលដែលនឹងបានបង្កើតឡើង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងសហការអនុវត្តគម្រោងនេះបន្តទៅទៀត ដើម្បីឲ្យគម្រោងនេះឈានដល់ទីបញ្ចប់ ប្រកបដោយជោគជ័យក្នុងការអភិវឌ្ឍភូមិមួយផលិតផលមួយ ដែលជាប្រយោជន៍ដល់ការអភិវឌ្ឍជនបទ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

នៅកម្មវិធីបន្ទាប់នាថ្ងៃដដែលនោះដែរ ក៏មានការរៀបចំការបោះឆ្នោតជ្រើសរើស ប្រធានក្រុមអ្នកផលិតអំបុកកំពង់ធំអាណត្តិទី១ ក្រោមការដឹកនាំនិងរៀបចំចាត់ចែងរបស់ ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ដើម្បីចងក្រងជារចនាសម្ព័ន្ធ អ្នកផលិតអំបុកកំពង់ធំ ដោយការកំណត់តួនាទី និងភារកិច្ចក្នុងការទទួលខុសត្រូវ របស់សមាជិកនីមួយៗដែលបានជាប់ឆ្នោត សម្រាប់ដំណើរការប្រព្រឹត្តទៅរបស់ក្រុមអ្នកផលិតអំបុកកំពង់ធំ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ