ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម Alvin Tan អនុរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរី តាមប្រព័ន្ធវីដេអូ

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ម៉ោង ០៩:៤៦ នាទី ព្រឹក

👁 10

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ) នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម Alvin Tan អនុរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរី តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យឌីជីថលរូបនីយកម្ម និងការលក់រាយរវាងប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងពីវឌ្ឍនភាពនៃវិស័យឌីជីថលនៅកម្ពុជា ពិសេសក្នុងបរិការណ៍កូវីដ-១៩ ដែលក្នុងនោះរួមមានការកើនឡើងនៃអ្នកប្រើប្រាស់អ៊ីនធឺណិតដល់ប្រមាណ ១២ លាននាក់នៅកម្ពុជា ហើយសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ប្រមាណ២/៣ នៅកម្ពុជា បាននឹងកំពុងអនុវត្តសកម្មភាពឌីជីថលក្នុងប្រតិបត្តិការរបស់គេ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ស្របនឹងកំណើនដ៏គួរឱ្យកត់សម្គាល់នេះ រាជរដ្ឋាភិបាលបានបង្កើតជាបទប្បញ្ញត្តិ និងយន្តការជាច្រើន សំដៅធានាការពារ និងលើកកម្ពស់និរន្តរភាពនៃសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះរួមមានការដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការទូទាត់ដែលមានកិច្ចធានា ច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា កម្ពុជាក៏គាំទ្រការអនុវត្តនូវគំនិតផ្តួចផ្តើមក្របខណ្ឌតំបន់ពាក់ព័ន្ធនឹងវិស័យឌីជីថល ដែលរួមមាន៖ ផែនការមេស្តីពីឌីជីថលក្នុងអាស៊ានឆ្នាំ២០២៥ ផែនការសកម្មភាពសម្រាប់អនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងផែនទីបង្ហាញផ្លូវបង់ដាសេរីបេហ្កាវ៉ាន់ ដែលទើបតែត្រូវបានអនុម័តកាលពីឆ្នាំ២០២១ ផងដែរ។ ទោះជាយ៉ាងណា ឯកឧត្តមបានរំលេចពីបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាជួបប្រទះ ពិសេសកង្វះខាតនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសម្រាប់គាំទ្រសេដ្ឋកិច្ចឌីជីថល កង្វះខាតធនធានមនុស្ស និងភាពនៅមានកម្រិតនៃបទប្បញ្ញត្តិចាំបាច់ ដែលត្រូវការការគាំទ្រពីដៃគូនានា រួមមានពីសឹង្ហបុរីផងដែរ។

ជាការឆ្លើយតប ឯកឧត្តម Alvin Tan បានបង្ហាញការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របខ្លួនអនុវត្តសកម្មភាពឌីជីថលបានយ៉ាងច្រើន និងឆាប់រហ័សធៀបនឹងប្រទេសក្នុងតំបន់។ ជាមួយនឹងសុទិដ្ឋិនិយមខ្ពស់នេះ ឯកឧត្តមស្នើកម្ពុជាពិចារណាគាំទ្រការសិក្សារួមគ្នាស្តីពីការធ្វើអត្តសញ្ញាណធុរកិច្ចរួមមួយសម្រាប់តំបន់អាស៊ាន ដើម្បីធានាសង្គតិភាព នៃការស្តុកទុកព័ត៌មានធុរកិច្ចក្នុងតំបន់នេះ និងគាំទ្រអន្តរប្រតិបត្តិការ (Interoperability) នៃការធ្វើធុរកិច្ចបែបឌីជីថលក្នុងតំបន់ផងដែរ។ ខណៈឯកឧត្តមគាំទ្រសំណើរបស់កម្ពុជាក្នុងការបន្តបញ្ជូនអ្នកជំនាញការសឹង្ហបុរីមកផ្តល់ជាជំនាញបច្ចេកទេសផ្នែកឌីជីថលដល់ SMEs និងក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានស្នើឱ្យភាគីកម្ពុជាជួយបន្ថែមការផ្សព្វផ្សាយពីអត្ថប្រយោជន៍នានាក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដល់វិនិយោគិន និងធុរជនសឹង្ហបុរីនៅកម្ពុជាផងដែរ។ ឯកឧត្តមក៏បានគាំទ្រសំណើកម្ពុជាក្នុងការបង្កើតក្របខ័ណ្ឌឌីជីថលលើទីផ្សារបន្ថែមទៀត ពិសេសទីផ្សារអេឡិចត្រូនិក (E-Marketplaces) សំដៅពង្រឹងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុង និងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សាលើបញ្ហាមួយចំនួនទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្ពុជា និងសឹង្ហបុរី ហើយបង្ហាញការពេញចិត្តចំពោះជំហររបស់សឹង្ហបុរីក្នុងការគាំទ្រភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន របស់កម្ពុជាក្នុងឆ្នាំ២០២២នេះផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ