ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ម៉ោង ១២:១៨ នាទី ថ្ងៃត្រង់
👁 21
(ឌុយបៃ សហភាពអារ៉ាប់រួម) : នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ក្នុងឱកាសចូលរួមក្នុងកម្មវិធីប្រារព្ធទិវាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៏ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រធានគណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា និងសហព័ន្ធរុស្ស៊ី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តមអនុរដ្ឋមន្រ្តី និងសហការី ដែលបានចំណាយពេលវាដ៏មានតម្លៃ ចូលរួមកិច្ចជំនួបទ្វេភាគីដ៏មានសារៈសំខាន់នេះ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អ ព្រមទាំងជំនួយឧបត្ថម្ភគាំទ្រនានាដែលសហព័ន្ធរុស្ស៊ីបានផ្ដល់ជូនកម្ពុជាកន្លងមក ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសហព័ន្ធរុស្ស៊ី។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការចរចាបើកច្រកទីផ្សារថ្មីៗក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស បានប្រមាណ ៩០ភាគរយ ដែលជាកត្តាជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមដំណើរការសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងបើកប្រទេសឡើងវិញ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ សំដៅស្តារសកម្មភាពសេដ្ឋកិច្ចទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានសំណូមពរឱ្យធុរជន និងអ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី មកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យផលិតយានយន្តកសិកម្ម វិស័យផលិត និងកែច្នៃម្ហូបអាហារ វិស័យដឹកជញ្ជូននិងភស្តុភារ វិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងវិស័យផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីរុស្ស៊ី ជួយជំរុញការចរចាបញ្ចប់ឱ្យបានឆាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) នាពេលខាងមុខ ផងដែរ។
ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្រ្តីរុស្ស៊ីបានទទួលយកសំណើររបស់ឯកឧត្តមរដ្ឋមន្រ្តីកម្ពុជា ដោយសន្យាថានឹងពាំនាំយកសំណើរបស់កម្ពុជាទៅ ផ្សព្វផ្សាយជូនធុរជន អ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី ដើម្បីមកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ឯកឧត្តមអនុរដ្ឋមន្រ្តីបន្តថា ភាគីរុស្ស៊ីនឹងបន្តធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន ដោយស្នើឱ្យវិស័យពាក់ព័ន្ធនានា ដូចជាវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស័យផលិតយានយន្តកសិកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវិស័យអប់រំ ជាដើម ធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋមន្រ្តីក៏បានសម្ដែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានកោតសរសើពីពន្លាជាតិកម្ពុជា ដែលបានរៀបចំឡើងប្រកបដោយភាពទាក់ទាញ ដោយបានបង្ហាញពីប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ និងយូរអង្វែងរបស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋមន្រ្តីបានសំណូមពរឱ្យមានទំនាក់ទំនងគ្នាដោយផ្ទាល់ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យមានកំណើនប្រកបដោយចីរភាព ដើម្បីជាផលប្រយោជន៍របស់ប្រជាជនទាំងពីរប្រទេស។ ឯកឧត្តមអនុរដ្ឋមន្រ្តីក៏បានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនៈកិច្ចនៅសហព័ន្ធរុស្ស៊ី នាពេលវេលាសមស្របនាពេលខាងមុខ ផងដែរ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាបានទទួលយកសំណើរទៅទស្សនៈកិច្ចនៅសហព័ន្ធរុស្សី នាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យសម្រេចបានលទ្ធផលល្អ និងទទួលបានផ្លែផ្កាតាមការរំពឹងទុក។៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣