ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមជាអតិបតីភាពក្នុងពិធីផ្ទេរតំណែង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានពីប្រ៊ុយណេមកកម្ពុជា និងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៩១

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ម៉ោង ០៣:៤០ នាទី រសៀល

👁 9

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ បានចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ក្នុងពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានពីប្រ៊ុយណេមកកម្ពុជា និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ចអាស៊ានលើក ទី៩១ សម្រាប់ឆ្នាំ២០២២។ ពិធីផ្ទេរដំណេងនេះ មាន​ការចូល​រួម​តាមប្រព័ន្ធអនឡាញពី ឯកឧត្តម សាវីនឌើ ស៊ីញ អគ្គលេខាធិការងអាស៊ាន ឯកឧត្តម ហុក សុភា ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រ៊ុយណេ លោក ឃេលវីន អ៊ឹង ធៀង លូង ភារធារីទូតប្រ៊ុយណេប្រចាំកម្ពុជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមនិង សមាជិកសមាជិកា​សភាពាណិជ្ជកម្ម​កម្ពុជា សមាជិកសមាជិកាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ទាំង១០ប្រទេស សមាជិក​សមាជិការ​ក្រុមប្រឹក្សាធុរកិច្ច​ចម្រុះ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអបអរសាទរជូនចំពោះ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជ កម្មកម្ពុជា ក្នុងឱកាស​ដែលបានទទួលតួនាទីដ៏សំខាន់ធ្វើជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន អំទ្បុងពេល​កម្ពុជាធ្វើជា​ប្រធាន​អាស៊ានឆ្នាំ២០២២ បន្តវេនពីលោកស្រី យ៉ានទី រ៉ាម៉ាន ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២១ ប្រ៊ុយណេ​ដែលបានបញ្ចប់អណត្តិ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងកោតសរសើរដល់ លោកស្រី យ៉ាន់ទី​ រ៉ាម៉ាន ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២១ ចំពោះកិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើរ​ជាមួយអាស៊ាន​កន្លងមក​ក្នុងអណត្តិរបស់លោកស្រី ជាពិសេស ការគាំទ្រដល់អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តគំនិតផ្តួចផ្តើម និង​ការងារ​នានា ដែលឈានដល់ការសម្រេចបាននូវសមិទ្ធផលអាទិភាពសំខាន់ៗរបស់អាស៊ាន។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនអង្គពិធីថា ក្នុងនាមជាប្រធានអាស៊ានលើកទី៣ ក្នុង​ឆ្នាំ២០២២ នេះ កម្ពុជានឹងលើកកម្ពស់​ និងធ្វើសុខដុមនីយកម្មរាល់កិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញលើគ្រប់វិស័យ ដើម្បី​កសាង​សហគមន៍អាស៊ាន​ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN : Addressing Challenges Together)។ លើសពីនេះ កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗ ក្នុងការ​អនុវត្ត​ទាញយក​អត្ថប្រយោជន៍​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ សំដៅ​ធ្វើឱ្យ​អាស៊ាន​នៅតែជា​តំបន់​ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់អំពីសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) របស់កម្ពុជា ក្រោមសសរស្តម្ភសេដ្ឋកិច្ច និងបានលើកឡើងជាអំពី​តួនាទីសំខាន់ៗ មួយចំនួន​របស់​វិស័យ​​ឯកជន ក្នុងការរួមចំណែកសម្រេចឱ្យបាននូវការងារអាទិភាព និងផែនការការងារអាស៊ានក្នុងឆ្នាំ ២០២២ ស្របតាម​អនុសាសន៍​ណែនាំ​របស់រាជរដ្ឋាភិបាល រួមមាន៖

  • ការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែលមានស្រាប់ ជាពិសេស​កិច្ចព្រមព្រៀង RCEP ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ។
  • ការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ការអភិឌ្ឍ​ជំនាញ​ឌីជី​ថល, ការលើកកម្ពស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ ការកាត់បន្ថយគម្លាតឌីជីថល និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចឌីជីថលក្នុងតំបន់។
  • ការលើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈយន្តការភាពជាដៃ គូរវាងរដ្ឋ និងឯកជន ក្នុងគោលបំណងកៀរគរធនធានហិរញ្ញវត្ថុមកប្រើប្រាស់ក្នុងការអភិវឌ្ឍ និងការអនុវត្តគំនិតផ្តួចផ្តើមនានា សំដៅ​ជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារឡើងវិញនូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាបានបញ្ជាក់ជូនសារជាថ្មីនូវការប្តេជ្ញាចិត្ត និងការបន្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ានក្នុងការអនុវត្ត និងបំ​ពេញការងារសំខាន់ៗនានា ដើម្បីអាចសម្រេចបាននូវសមិទ្ធផល​អាទិភាព​របស់កម្ពុជា និងគំនិតផ្តួចផ្តើមសំខាន់ៗដទៃទៀតរបស់អាស៊ាន៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ