ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ម៉ោង ០៣:៥៣ នាទី រសៀល
👁 4
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការប្រឹក្សាយោបល់ចម្រុះស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន (ATF-JCC Chair) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការប្រឹក្សាយោបល់ចម្រុះស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន (The Special Meeting of the ASEAN Trade Facilitation Joint Consultative Committee – ATF-JCC) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងជាតិនៃសម្រាប់ ATF-JCC (ATF-JCC Leads) នៃប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងគណៈប្រតិភូរបស់ខ្លួន និងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំបានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកអង្គប្រជុំទាំងអស់ និងបានស្នើឱ្យសមាជិកគណៈកម្មាធិការទាំងអស់ផ្តល់នូវការគាំទ្រលើរបៀបវារៈនីមួយៗ តាមរយៈការចូលរួមផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម និងផ្តល់នូវការឆ្លើយតបចំពោះបញ្ហានានាប្រកបដោយភាពទន់ភ្លន់ឱ្យអស់ពីលទ្ធភាព ដើម្បីឈានទៅដល់ការយោគយល់ជារួម។
ឯកឧត្តមអគ្គនាយកបន្តថា អង្គប្រជុំបានធ្វើការកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន ៖ (១) ការពិនិត្យលទ្ធភាពដើម្បីពន្យារសុពលភាពអនុស្សរណៈយោគយល់ស្តីពីការអនុវត្តវិធានការមិនមែនពន្ធគយលើមុខទំនិញចាំបាច់ ក្រោមផែនការសកម្មភាពហាណូយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់អាស៊ាន ក្នុងការឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ រួមជាមួយការពិនិត្យលទ្ធភាពដើម្បីពង្រីកបញ្ជីទំនិញចាំបាច់ដំណាក់កាលទី៣ (២) ការពិភាក្សាលើតារាងម៉ាទ្រីសនៃករណីជាក់ស្តែង ពាក់ព័ន្ធនឹងការអនុវត្តវិធានការមិនមែនពន្ធគយ ដែលចាត់ឡើងដោយប្រទេសសមាជិកអាស៊ានពាក់ព័ន្ធ (៣) ការពិនិត្យ និងពិភាក្សាលើរបាយការណ៍បណ្តោះអាសន្នរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី ស្តីពីការកំណត់វិធីសាស្ត្រដើម្បីត្រួតពិនិត្យផ្នែកច្បាប់លើសេចក្តីព្រាងវិធានការមិនមែនពន្ធគយណាមួយ ដែលគ្រោងនឹងចាត់ដោយប្រទេសសមាជិកអាស៊ាន និង (៤) បញ្ហាផ្សេងៗ។
តបតាមសំណូមពររបស់ប្រធានកិច្ចប្រជុំ សមាជិកទាំងអស់នៃកិច្ចប្រជុំ បានធ្វើការផ្លាស់ប្តូរមតិយោបល់ ពិភាក្សា ផ្ដល់ធាតុចូល ធ្វើបច្ចុប្បន្នភាព និងចូលរួមយ៉ាងសកម្មទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣