ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Domingos Lopes Antune អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសទីម័រខាងកើត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ម៉ោង ០៩:០៦ នាទី យប់

👁 12

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Domingos Lopes Antune អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសទីម័រខាងកើត រួមនិងគណៈប្រតិភូ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើចំនុចសំខាន់ៗមួយចំនួន រួមាន៖ (១) ដំណើរការចូលជាសមាជិកអាស៊ាននិងអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ទីម័រខាងកើត (២) ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និង (៣) ការចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិក្រោមក្របខ័ណ្ឌអាស៊ាន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់មតិស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមអនុរដ្ឋមន្ត្រី និងគណៈប្រតិភូប្រទេសទីម័រខាងកើត និងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងបានជម្រាបជូនពីការគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ចំពោះបេសកកម្មរបស់ប្រទេសទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ាន និងអង្គការ WTO។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងបន្តផ្តល់ការគាំទ្រដល់ប្រទេសទីម័រខាងកើត ជាពិសេសនឹងបន្តជំរុញ និងសម្របសម្រួលជាមួយសមាជិកអាស៊ានក្នុងការរៀបចំបេសកកម្មស្វែងរកការពិត (AEC - Fact-Finding Mission) នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ទៅកាន់ប្រទេសទីម័រខាងកើតក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើភាគីទីម័រខាងកើតពិនិត្យលទ្ធភាពពន្លឿនការចុះអនុស្សរណៈយោគយោល់គ្នា (MoU) ក្នុងការបង្កើនការនាំចូលអង្ករកម្ពុជា និងបានលើកទឹកចិត្តឱ្យបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីលើទំនិញសំខាន់ៗដទៃទៀត ជាពិសេសកសិផលសក្តានុពលរបស់កម្ពុជាតាមរយៈការចុះហត្ថលេខា លើ MoU ឬការជួបគ្នានៃវិស័យឯកជន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានជម្រាបជូនភាគីទីម័រខាងកើត អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក។ ក្នុងនោះឯកឧត្តមបានគូសបញ្ជាក់ថា បានបញ្ជាក់ពីសារៈសំខាន់នៃបទប្បញ្ញត្តិ និងក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់គាំទ្រវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ជាពិសេសច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងក្របខ័ណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្តល់ការគាំទ្រដល់ប្រទេសទីម័រខាងកើត ក្នុងដំណើរការសុំចូលជាសមាជិកអាស៊ាន និងអង្គការ WTO ព្រមទាំងបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវ័យឆ្លាតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសសន្តិភាព និងការរក្សាបាននូវកំណើនសេដ្ឋកិច្ចដែលទីម័រខាងកើតអាចយកធ្វើជាគំរូ និងអនុវត្តតាម។

បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះគោលបំណងលើកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី និងការបង្កើនការនាំចូលអង្ករកម្ពុជា រួមទាំងកសិកផលសក្តានុពលដទៃទៀត។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យភាគីកម្ពុជា ធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មទៅប្រទេសទីម័រខាងកើតដោយផ្ទាល់ តាមរយៈយន្តការរដ្ឋាភិបាល និងរដ្ឋាភិបាល (G2G) ព្រមទាំងធុរជន និងធុរជន (B2B)។

ជាលទ្ធផល ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីក្នុងពាណិជ្ជកម្មអន្តរជាតិព្រមទាំងបានឯកភាពលើការបង្កើតក្រុមការងារចម្រុះ ដើម្បីពិនិត្យ និងអនុវត្តនូវកិច្ចព្រមព្រៀងនានា ដែលបានសម្រេចកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងៗទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យបង្កើតព្រឹត្តិការណ៍ Cambodia-East Timor Week ធ្វើជាយន្តការចែករំលែកបទពិសោធន៍ ការផ្គូរផ្គងរវាងវិស័យឯកជន និងផ្តល់ការគាំទ្រនានាដល់ដំណើការចូលជាសមាជិកអាស៊ាន និងWTO ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តការប្តេជ្ញាចិត្តនានាក្រោមក្របខ័ណ្ឌអាស៊ាននិងអង្គការ WTO។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់លើកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ព្រមទាំងបានវាយតម្លៃខ្ពស់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះកម្ពុជានឹងបន្តគាំទ្រដល់ប្រទេសទីម័រខាងកើតក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងសកលលោក៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ