ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ម៉ោង ០៤:២១ នាទី រសៀល
👁 5
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះពិនិត្យស្តង់បង្ហាញ និងលក់ផលិតផលខ្មែរ ក្រោមកម្មវិធីស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈភីធីធី ព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌព្រែកព្នៅ ព្រមទាំងគណៈប្រតិភូក្រុមហ៊ុនភីធីធី (ខេមបូឌា) ផងដែរ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អក្នុងការចូលរួមរៀបចំស្ដង់បង្ហាញ និងលក់ផលិតផលខ្មែរនេះបានយ៉ាងល្អ ប្រកបដោយភាពទាក់ទាញ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កម្មវិធីនេះគឺធ្វើឡើងដើម្បីជួយសម្រួលដល់ចរន្ដទីផ្សារជូនកសិករ ផលិតករ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា ព្រមទាំងជួយលើកកម្ពស់ផលិតផលខ្មែរ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូល ជាពិសេសជួយជំរុញឱ្យវិស័យឯកជននាំយកផលិតផលខ្មែរដែលមានគុណភាព សុវត្ថិភាព មានការវេចខ្ចប់ស្របតាមស្ដង់ដារ មកតាំងបង្ហាញ និងស្វែងរកដៃគូលក់ ឬចែកចាយបន្ដ។ ផលិតផលដែលដាក់តាំងលក់ទាំងនោះ រួមមាន៖ បន្លែសុវត្ថិភាព ប្រេងដូង នំ ដំណាប់ធ្វើពីបន្លែនិងផ្លែឈើ អំបុក តែ គ្រឿងឧបភោគ-បរិភោគ របស់ប្រើប្រាស់ប្រចាំថ្ងៃ ទឹកមាត់ត្រចៀកកាំ វត្ថុអនុស្សារីយ៍ ព្រមទាំងផលិតផលក្នុងស្រុកជាច្រើនមុខទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្ដល់អនុសាសន៍ណែនាំបន្ថែមដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មទាំងអស់ ឱ្យព្យាយាមខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកែច្នៃផលិតផលខ្មែរដែលមានស្រាប់ ធ្វើការវេចខ្ចប់ឱ្យបានត្រឹមត្រូវ មានកាលបរិច្ឆេទកំណត់ច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការជំរុញការនាំចេញ ជាពិសេសគឺអាចលក់បានតម្លៃថ្លៃជាងផលិតផលដែលគ្មានការវេចខ្ចប់ត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ការជ្រើសរើសយកទីតាំងស្ថានីយប្រេងឥន្ធនៈភីធីធី ព្រែកព្នៅ ដើម្បីតាំងបង្ហាញផ្សព្វផ្សាយ និងលក់ផលិតផលនៅពេលនេះ គឺពិតជាអំណោយផលល្អ ព្រោះទីតាំងនេះមានទីធ្លាធំទូលាយ ព្រមទាំងមានអ្នកធ្វើដំណើរចេញចូលច្រើន។
គួររំលឹកផងដែរថា ដើម្បីជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា)បានចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កន្លទៅនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដោយកសិករ និងផលិតករនៅក្នុងស្រុកទាំងអស់ អាចដាក់លក់ផលិតផលរបស់ខ្លួននៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីនៅទូទាំងរាជធានី-ខេត្ត។ កម្មវិធីនេះធ្វើការលក់សាកល្បងចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានរៀបចំឡើង តាម៧ទីតាំង រួមមាន៖ រាជធានីភ្នំពេញ (៣ទីតាំងគឺ ព្រែកព្នៅ ព្រៃកី និងច្បារអំពៅ), ខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម (ស្គន់), និងខេត្តតាកែវ ដោយមានការចូលរួមពីក្រុមហ៊ុន សិប្បកម្ម និងអាជីវករសរុបចំនួន ៦៤នាក់។ ក្រោយពីបញ្ចប់គម្រោងសាកល្បងរយៈពេល៧ថ្ងៃនេះ ក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងអនុវត្តគម្រោងជាបន្ដទៀតនៅក្នុងឆ្នាំ២០២២ ដោយរៀបចំឱ្យមានការផ្សព្វផ្សាយ និងលក់នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី មួយចំនួន ដូចជា៖ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ នៅស្ថានីយចំនួន១៦ តាមបណ្តោយផ្លូវជាតិលេខ២ លេខ៣ និងលេខ៤, ក្នុងត្រីមាសទី៣ នៅស្ថានីយ៍ចំនួន១០ តាមបណ្តោយផ្លូវជាតិលេខ៦ និងក្នុងត្រីមាសទី៤ នៅស្ថានីយចំនួន៥ តាមបណ្តោយផ្លូវជាតិលេខ៥៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣