ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ម៉ោង ០៤:៤៨ នាទី រសៀល
👁 16
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម សៅ អែហ្វអិម អាល់ ស៊ូវ៉េលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចំាព្រះរាជាណាចក្រកម្ពុជា (និវេសនដ្ឋាននៅទីក្រុងហាណូយ) ដើម្បីពិភាក្សាអំពីការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យបានខ្ពស់ថែមមួយកម្រិតទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តមឯកអគ្គរាជទូត ដែលចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ក្នុងការពង្រឹងចំណងមិត្តភាព និងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអូឌីត ឱ្យទទួលបាននូវវឌ្ឍនភាពវិជ្ជមានជាច្រើនកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបានកោតសរសើរចំពោះការរីកចម្រើនលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ ដើម្បីសម្រេចនូវគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមឯកអគ្គរាជទូត បានស្នើឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេស/ស្ថាប័នរដ្ឋ និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងគោលបំណងស្វែងយល់ពីតម្រូវការទៅវិញទៅមក ផ្គូផ្គងដៃគូធុរកិច្ច-វិនិយោគ និងការផ្លាស់ប្តូរមុខទំនិញសក្តានុពលរវាងទីផ្សារនៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានគាំទ្រលើគ្រប់សំណើខាងលើ និងសង្ឃឹមថាថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងមានការរៀបចំជំនួបទ្វេភាគីរវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ នាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានសំណូមពរភាគីអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក្នុងគោលបំណងបង្កើតគណៈកម្មការចម្រុះរួម ដើម្បីផ្លាស់ប្តូរយោបល់គ្នា សំដៅពង្រីកទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។
ពាក់ព័ន្ធនឹងការឈរឈ្មោះជាបេក្ខភាពធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌ពិភពលោកឆ្នាំ២០៣០ និងស្នើសុំការគាំទ្រពីកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ បានឆ្លើយតបដោយអបអរសាទរចំពោះការតាំងចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះការចូលរួមប្រកួតប្រជែង និងសូមជូនពរប្រទេសអារ៉ាប៊ីសាអូឌីតឱ្យទទួលបានសំឡេងឆ្នោតគាំទ្រច្រើនពីសមាជិក BIE (Bureau International of Expositions) នាពេលខាងមុខ ហើយកម្ពុជានឹងត្រៀមខ្លួនចូលរួមសហការជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងករណីដែលប្រទេសអារ៉ាប៊ីសាអូឌីតឈ្នះការបោះឆ្នោត។
សូមជម្រាបជូនថា ប្រទេសទាំងពីរសម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (ត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ ដោយឡែកកម្ពុជានាំចូលមុខទំនិញសំខាន់ៗ ពីអារ៉ាប៊ីសាអូឌីតមានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣