រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុនចូលជួបពិភាក្សាការងារ ដើម្បីពិនិត្យលទ្ធភាពវិនិយោគលើវិស័យធនាគារ និងវិស័យដឹកជញ្ជូននៅប្រទេសកម្ពុជា

ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ម៉ោង ០៦:០៦ នាទី ល្ងាច

👁 9

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ឌុយបៃ សហភាពអារ៉ាប់រួម)៖  នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ HABTOOR PALACE DUBAI ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ លោក ដួង ឆាយ និងតំណាងក្រុមហ៊ុនធំៗមួយចំនួន ចូលជួបពិភាក្សាការងារ ដើម្បីពិនិត្យលទ្ធភាពវិនិយោគលើវិស័យធនាគារ ការបង្កើត SUPER APP ការបើកសេវាកម្មតាក់ស៊ី UBER និង BITCOIN នៅប្រទេសកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រុមហ៊ុនទាំងអស់ ដែលបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការធ្វើជំនួញនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនតំណាងក្រុមហ៊ុន អំពីច្បាប់ស្តីពីវិនិយោគនៅកម្ពុជា ការនាំចេញផលិតផលកសិកម្ម និងគោលបំណងយកតំបន់អារ៉ាប់ជាចំណុចរួម (Hub) ដើម្បីបញ្ជូនផលិតផលកម្ពុជាចូលទីផ្សារមជ្ឈឹមបូព៌ា និងអាហ្រិក (MENA)  ក្នុងគោលដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីការចរចាបើកច្រកទីផ្សារថ្មីៗក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀង RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម ហើយកម្ពុជានឹងបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួនទៀត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងអំពីតួនាទីរបស់កម្ពុជាជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២២ ព្រមទាំងគំរោងបង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ានក្រោមការជួយជ្រោមជ្រែងពីប្រទេសជប៉ុន និងអូស្រ្តាលីផងដែរ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ការបោះទុនវិនិយោគនៅកម្ពុជា គឺជាការបោះទុនក្នុងទីផ្សារអាស៊ាន ដែលមានប្រជាជនប្រមាណ ៦០០ លាននាក់ ហើយជាលក្ខណៈភូមិសាស្ត្រ កម្ពុជាស្ថិតនៅចំកណ្ដាលអាស៊ានតែម្ដង។

ក្នុងឱកាសនោះ លោក ថូម៉ាស ស្ត្រេយ ប្រធានប្រតិបត្តិមូលនិធិ ENDEMAJ FUNDS បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រី អំពីជំនាញរបស់មូលនិធិ ENDEMAJ FUNDS ហើយមានគោលបំណងពិនិត្យលទ្ធភាពវិនិយោគលើវិស័យធនាគារ, ការបង្កើត SUPER APP, ការបើកសេវាកម្មតាក់ស៊ី UBER និង BITCOIN នៅប្រទេសកម្ពុជានាពេលអនាគត។ លោក ថូម៉ាស ស្ត្រាយ ក៏បានបង្ហាញពីទំនាក់ទំនងរវាងមូលនិធិ ENDEMAJ FUNDS និងក្រុមហ៊ុនធំៗមួយចំនួននៅប្រទេសចិន ដូចជា Sinopharm ជាដើម ដែលអាចជាកត្តាមួយងាយស្រួលដល់មូលនិធិគាត់ក្នុងការវិនិយោគនៅកម្ពុជា ដោយសារកម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។

ឆ្លើយតបចំពោះគោលបំណងរបស់មូលនិធិ ENDEMAJ FUNDS ក្នុងការវិនិយោគលើវិស័យធនាគារ ការបង្កើត SUPER APP និងសេវាកម្មតាក់ស៊ី UBER របស់មូលនិធិ ENDEMAJ FUNDS នៅប្រទេសកម្ពុជា  ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនឹងជួយសម្របសម្រួលជាមួយធនាគារជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាមួយចំនួនទៀត ដើម្បីពិនិត្យលទ្ធភាពធ្វើឱ្យការវិនិយោគនេះកើតមានឡើងនៅប្រទេសកម្ពុជា។ រីឯបញ្ហា BITCOIN អាចនឹងពិភាក្សានៅពេលក្រោយ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវឱ្យក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា លើគ្រប់វិស័យ ទាំងវិស័យធុរកិច្ច វិនិយោគ ទេសចរណ៍ ធនាគារ សាធារណការ សំណង់ កសិកម្ម ។ល។ សូមអញ្ជើញមកប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ ដោយឡែកភាគីក្រុមហ៊ុនបានថ្លែងអំណរគុណ និងទទួលយកសំណើរមកទស្សនៈកិច្ចនៅកម្ពុជា នាពេលខាងមុខ ដើម្បីឱ្យដំណើរការវិនិយោគលើវិស័យធនាគារ និងវិស័យដឹកជញ្ជូនដូចខាងលើ កើតឡើងមានឡើងឆាប់ៗនៅប្រទេសកម្ពុជាតាមការរំពឹងទុក៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ