ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍តាមវិស័យ

ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ០៤:២៩ នាទី រសៀល

👁 18

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍តាមវិស័យ សម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់ខេត្តកណ្តាល ស្មូនដីខេត្តកំពង់ឆ្នាំង និងចម្លាក់ថ្មខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម លោក-លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្មជាច្រើនរូប។

 ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងជម្រាបជូនអង្គប្រជុំអំពីសារបាន និងគោលបំណងសំខាន់នៃការពិនិត្យលទ្ធភាពក្នុងការបង្កើតមជ្ឍមណ្ឌលជំរុញអភិវឌ្ឍន៍តាមវិស័យ ដែលមជ្ឈមណ្ឌលទាំងនេះនឹងចូលរួមដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្ម ទាក់ទាញទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរ្តិ៍ដំណែលនៃផលិតផល និងភូមិសាស្ត្រ បង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម។

ក្នុងឱកាសនោះដែរ អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស និងបានឯកភាពលើផែនការការងារពាក់ព័ន្ធនឹងការចុះពិនិត្យទីតាំងជាក់ស្តែង ការបង្កើតសមាគមតាមវិស័យនីមួយៗ ក៏ដូចជាការលើកតម្កើងកេរ្តិ៍ឈ្មោះផលិតផលជាតិ តាមរយៈការចុះបញ្ជីម៉ាក ជាដើម។ លើសពីនេះ អង្គប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈមដែលវិស័យទាំងនេះកំពុងជួបប្រទះ ជាពិសេសបញ្ហាប្រឈមពីវិបត្តិជំងឺកូវីដ-១៩ ដែលវិស័យទាំងនេះបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជាបញ្ហាទីផ្សារដោយសារមិនមានការបញ្ជាទិញ ភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក៏ដូចជាការបាត់បង់កម្លាំងពលកម្មជំនាញ ជាដើម ដែលទាមទារឱ្យមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ។  

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មពីមន្ត្រីជំនាញ និងវិស័យឯកជនពាក់ព័ន្ធក្នុងការអនុវត្តការងារកន្លងមក។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ជាថ្មីថា ក្រសួងពាណិជ្ជកម្មនៅតែបន្តគាំទ្រចំពោះការងារលើកកម្ពស់កេរ្តិ៍ឈ្មោះ និងថែរក្សាអត្តសញ្ញាណខ្មែរ ដោយបច្ចុប្បន្នក្រសួងបាននិងកំពុងរៀបចំគោលនយោបាយ និងក្របខណ្ឌយុទ្ធសាស្រ្តពាក់ព័ន្ធដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ការធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិ ក៏ដូចជាការបន្តធ្វើពិពិធកម្មទីផ្សារតាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងថ្នាក់តំបន់និងទ្វេភាគី ជាដើម៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ