ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ០៨:០៦ នាទី យប់
👁 15
នារសៀលថ្ងៃទី១៧ ខែកុម្ពៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។
ឯកឧត្តមរដ្ឋមន្រ្ដី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ លោកជំទាវ ដែលទើបទទួលបានការតែងតាំងថ្មីជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ បានលើកឡើងពីទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលកន្លងមកមានការរីកចំរើនជាលំដាប់ តែកំណើននេះបានថយចុះបន្ដិចបន្ទួចក្នុងឆ្នាំ២០២០ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ លោកជំទាវ បានស្ងើចសរសើរប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី។
ក្នុងកិច្ចជំនួបនេះ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ឯកឧត្តមរដ្ឋមន្រ្ដី បានស្នើសុំភាគីហ្វីលីពីនឱ្យពិនិត្យមើលលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា និងកៀងគរធុរជនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដូចជាបង្កើតរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារហ្វីលីពីន និងសកលលោក។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងថាគោលការណ៍ថ្មីរបស់ប្រទេសហ្វីលីពីន បានអនុញ្ញាតឱ្យវិស័យឯកជនរបស់ខ្លួនមកទិញអង្ករដោយផ្ទាល់ ឱ្យតែអនុលោមតាមវិធានការអនាម័យ-ភូតគាមអនាម័យរបស់ហ្វីលីពីន ដោយមិនចាំបាច់ឆ្លងកាត់តាមរយៈយន្ដការរបស់រាជរដ្ឋាភិបាលទៀតឡើយ។ ទន្ទឹមនឹងនេះ ភាគីហ្វីលីពីនក៏បានជម្រាបថា រដ្ឋាភិបាលហ្វីលីពីនបានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ធ្វើពាណិជ្ជកម្មស្រូវអង្ករ ហើយស្ថានទូតនឹងផ្ញើបញ្ជីនោះមកក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។
ក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានស្នើសុំឱ្យធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្មដទៃទៀតពីកម្ពុជារួមមាន៖ ដំឡូងមី ពោត និងផលិតផលសក្ដានុពលសំខាន់ៗផ្សេងទៀតទៅកាន់ទីផ្សារហ្វីលីពីន។
ជាកិច្ចបញ្ជប់ ឯកឧត្តមរដ្ឋមន្រ្ដី បានជំរុញឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានអញ្ជើញភាគីហ្វីលីពីន ចូលរួមនូវកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជាដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយវិបត្តិកូវីដ-១៩បានបញ្ចប់ទៅ។
ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំងបន្ថែមទៀត។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣