ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ០៥:៣១ នាទី ល្ងាច
👁 10
(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆេគូ អ៊ូស៊ូម៉ាន (Chekou OUSSOUMAN) តំណាងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF) ដែលកំពុងបំពេញបេសកកម្មនៅប្រទេសកម្ពុជា ដើម្បីត្រៀមរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានតំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយបានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសកម្ពុជា និងអង្គការ OIF រួមជាមួយប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសក្តានុពលពាណិជ្ជកម្មកម្ពុជា និងការត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ធុរជននិងវិនិយោគិនពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មក្នុងកែទម្រង់ស្ថាប័ន និងកសាងច្បាប់និងបទប្បញ្ញត្តិនានា សំដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ ដែលអនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
ជាការឆ្លើយតប ឯកឧត្តម ឆេគូ អ៊ូស៊ូម៉ាន (Chekou OUSSOUMAN) បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ និងបានកត់សម្គាល់ពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម ដែលអាចនឹងទាក់ទាញធុរជន និងវិនិយោគិនពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី។ ក្នុងនោះផងដែរ ឯកឧត្តម ឆេគូ ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីគោលបំណងក្នុងការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ។
ឯកឧត្តម ឆេគូ បន្តថាបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម (MECA) នេះ នឹងត្រូវដឹកនាំដោយអគ្គលេខាធិការអង្គការ OIF ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសប្រើប្រាស់ភាសាបារាំងដែលជាសមាជិក OIF មកពីទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង និងដើម្បីពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសជាសមាជិក OIF ទាំងអស់ ដែលជាកត្តាដ៏សំខាន់ក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមនឹងជំងឺរាតត្បាតសកល។ បេសកកកម្ម MECA នេះគ្រោងនឹងមានការចូលរួមពីប្រតិបត្តិករសេដ្ឋកិច្ចប្រមាណ ៨៥ រូប មកពីគ្រប់ទ្វីបទាំងអស់ ដែលនឹងធ្វើដំណើរមកទីក្រុងហាណូយ ប្រទេសវៀតណាមជាចំណុចចាប់ផ្តើម និងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាជាចំណុចបញ្ចប់ នៃដំណើរបេសកកម្មនេះ។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការគាំទ្រ ចំពោះការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ ព្រមទាំងបានជំរុញ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការចាំបាច់នានាជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ឱ្យទទួលបានជោគជ័យប្រកបដោយផ្លែផ្កា និងជាពិសេសដើម្បីជាឧត្តមប្រយោជន៍សម្រាប់ធុរជន និងវិនិយោគិនរបស់ភាគីទាំងពីរផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរ និងជំរុញឱ្យមានការតភ្ជាប់ និងពង្រឹងទំនាក់ទំនងធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគវាងកម្ពុជា និងប្រទេសជាសមាជិក OIF លើវិស័យជាសក្តានុពលរបស់កម្ពុជាបន្ថែមទៀតនាពេលអនាគត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣