ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ០១:០៨ នាទី យប់
👁 14
(បាត់ដំបង)៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី នៃទីស្នាក់ការសាខា ក.ប.ប. ដើម្បីបង្កភាពងាយស្រួលដល់ការបំពេញការងាររបស់មន្ត្រី និងផ្តល់សេវាជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងការដាក់ឱ្យដំណើរការអគារដ្ឋបាលថ្មីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានក្រើនរំលឹកដល់មន្ត្រីនៅក្នុងសាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងទាំងអស់ ឱ្យយកចិត្តទុកដាក់បំពេញការងារជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។
ពិធីដាក់ឱ្យដំណើរការអគារដ្ឋបាលថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណអភិបាលខេត្តបាត់ដំបង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួកបន្ទុកជាអគ្គនាយក នៃនាយកដ្ឋាន ក.ប.ប. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង-មន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខា ក.ប.ប. ជាច្រើនរូប។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវត្តមានអគាររដ្ឋបាលថ្មី នៃទីស្នាក់ការ ក.ប.ប. ខេត្តបាត់ដំបង និងបានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួង-មន្ទីរពាណិជ្ជកម្ម សាខា ក.ប.ប. ព្រមទាំងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមសហការយ៉ាងល្អ រហូតបានសម្រេចនូវសមិទ្ធផលជាទីគាប់ប្រសើរនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា អគាររដ្ឋបាលថ្មីរបស់សាខា ក.ប.ប. នេះ គឺជាសមាសភាគរួមផ្សំមួយនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ខេត្ត ដែលបង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់របស់ខេត្ត ស្របពេល ដែលវិស័យដ៏ទៃទៀតកំពុងបោះជំហានទៅរកការអភិវឌ្ឍជាលំដាប់។ ជាពិសេស វានឹងក្លាយជាតួអង្គសំខាន់ក្នុងការបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ និងកាន់តែងាយស្រួលផងដែរ។
ក្រៅពីការអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីសាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបងផងដែរ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ដូចមានខាងក្រោម៖
ទី១- មន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស ជាពិសេសរួមសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។
ទី២- ត្រូវប្រើប្រាស់មន្រ្តីឱ្យអស់លទ្ធភាព និងបណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ទៅតាមជំនាញ
ទី៣- មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ទី៤- បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី៥- ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុន ផ្តល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។
ទី៦- ពេលចុះអនុវត្តន៍ការងារក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ និងដើម្បីរក្សា គម្លាតសង្គម ឯកឧត្តម លោក លោកស្រី មន្រ្តីរាជការយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣