ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញានៅទីស្តីការក្រសួងពាណិជ្ជកម្ម

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ១១:៣៦ នាទី យប់

👁 8

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលបានរៀបចំធ្វើឡើងនៅទីស្តីការក្រសួង និងតាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជន។ កិច្ចប្រជុំពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា សមាគមសហគ្រាសធុនតូចនិងមធ្យម សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្ម សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធសរុបប្រមាណ៧៥នាក់។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបើកទូលាយឱ្យមានការចូលរួមកិច្ចពិភាក្សាប្រកបដោយតម្លាភាព និងដើម្បីផ្តល់លទ្ធភាពឱ្យភាគីពាក់ព័ន្ធមកពីវិស័យនានាពិនិត្យលើទិដ្ឋភាពបច្ចេកទេសរបស់ខ្លួនដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញា និងប្រមូលធាតុចូលបន្ថែម ធ្វើយ៉ាងណាឱ្យការរៀបចំគោលនយោជាតិកម្មសិទ្ធិបញ្ញាកម្ពុជា មានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងបញ្ហាប្រឈម ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង និងអាចយកទៅអនុវត្តបាន ក្នុងការរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច បរិស្ថាន និងលើកតម្កើងវប្បធម៌ ជាពិសេសអភិវឌ្ឍវិស័យឯកជនដែលប្រមុខរាជរដ្ឋាភិបាលតែងតែចាត់ទុកថាជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ។  

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងថាការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្ងៃនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃដំណើរការរៀបចំគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា បន្ទាប់ពីឯកឧត្តមបានដឹកនាំកិច្ចពិភាក្សាចំនួន០៨លើក ជាមួយសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយដើម្បីឱ្យសេចក្តីព្រាងនយបាយនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទើបក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំនាថ្ងៃនេះដើម្បីប្រមូលធាតុចូលបន្ថែម។ ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មរបស់តំណាងក្រសួងពាក់ព័ន្ធ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាដឹកនាំដោយ ឯកឧត្តម សួន វិជ្ជា ដែលយកចិត្តទុកដាក់ខ្ពស់ និងជ្រោមជ្រែងក្នុងការរៀបចំគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា។  

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៦ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយផ្តោតអាទិភាពទៅលើ ការកសាងមូលធនមនុស្សដែលជាប្រភពនៃធនធានបញ្ញា ដើម្បីជាកម្លាំងទ្រទ្រង់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របពេលដែលប្រទេសកម្ពុជាកំពុងចាប់យកបដិវត្តកម្មឌីជីថលនៅក្នុងសង្គម-សេដ្ឋកិច្ច ដោយផ្អែកលើមូលដ្ឋានទាំងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានរៀបចំនូវគោលនយោបាយជាតិកម្មសិទ្ធិបញ្ញាកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៧ រួមមាន (១)កសិកម្ម (២)វប្បធម៌ (៣)អប់រំ និងការលើកកម្ពស់ចំណេះដឹងសាធារណៈ (៤)សុខាភិបាល (៥)ពាណិជ្ជកម្ម និងឧស្សាហកម្ម (៦)ទេសចរណ៍ និង(៧) វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីផ្តល់នូវក្របខណ្ឌមួយដែលទាក់ទាញដល់ការវិនិយោគលើការកែច្នៃដែលផ្តល់តម្លៃបន្ថែមខ្ពស់ ធានាការផ្ទេរបច្ចេកវិទ្យា ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលបច្ចេកវិទ្យាថ្មី លើកទឹកចិត្តឱ្យយុវជនគ្រប់ស្រទាប់ប្រើប្រាស់គំនិតនវានុវត្តន៍ បង្កើនសកម្មភាពស្រាវជ្រាវដោយប្រើប្រាស់វិស្វកម្មបញ្ច្រាស (Reverse Engineering)  ពង្រឹងការអនុវត្តច្បាប់ការពារកម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាសង្គតិភាពជាមួយការវិវឌ្ឍនៃការគ្រប់គ្រងកម្មសិទ្ធិបញ្ញាក្នុងតំបន់និងពិភពលោក ព្រមទាំងបង្កើនការចូលរួមរបស់សាធារណជនក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា គោលនយោបាយនេះ នឹងក្លាយផែនទីបង្ហាញផ្លូវដែលកំណត់កិច្ចការអាទិភាព និងសកម្មភាពជាក់លាក់ពាក់ព័ន្ធនឹងការអភិវឌ្ឍក្នុងវិស័យទាំងប្រាំពីរខាងលើ។ អាស្រ័យហេតុនេះ កិច្ចប្រជុំពិគ្រោះយោបល់នៅថ្ងៃនេះគឺជាឱកាសមួយដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ពិនិត្យនិងផ្តល់យោបល់ ជាការរួមចំណែកដ៏មានតម្លៃមិនអាចខ្វះបានដើម្បីធ្វើឱ្យគោលនយោបាយជាតិកម្មសិទ្ធិបញ្ញារបស់យើងទាំងអស់គ្នា ក្លាយជាឧបករណ៍ដ៏កាន់តែមានប្រសិទ្ធភាពក្នុងការជំរុញ និងលើកកម្ពស់កម្មសិទ្ធិបញ្ញាសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងវប្បធម៌។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់តាមដានស្តាប់ ស្វែងយល់ពី សាវតា ខ្លឹមសារ និងរចនាសម្ព័ន្ធ រួចចូលរួមមតិនិងផ្លាស់ប្តូរយោបល់ឱ្យបានផុសផុល និងចែករំលែក ទស្សនទាន និងបទពិសោធន៍ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់សេចក្តីព្រាងនៃគោលនយោបាយជាតិកម្មសិទ្ធិបញ្ញានេះឱ្យឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងការវិវត្តបច្ចេកវិទ្យាថ្មី ហើយចូលរួមអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំខ្លាំងក្លាបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញានេះ នឹងកាន់តែមានភាពល្អប្រសើរ សង្គតិភាព និងគ្រប់ជ្រុងជ្រោយទាំងរចនាសម្ព័ន្ធនិងខ្លឹមសារ បន្ទាប់ពីទទួលបានគំនិតយោបល់ជាទស្សនទាន និងធាតុចូលសំខាន់ៗបន្ថែមទៀត។ ឯកឧត្តមក៏បានស្នើឱ្យលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាធ្វើការពិនិត្យ កែសម្រួលដោយការយកចិត្តទុកដាក់និងឱ្យបានឆាប់រហ័ស ដើម្បីដាក់ឆ្លងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ព្រមទាំងបន្តដាក់ជូនកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីដើម្បីទទួលបានការអនុម័តនាពេលឆាប់ៗខាងមុខ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ