ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ១១:៤៩ នាទី យប់
👁 19
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ (SEOM Chair for 2022) បានដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (Prep SEOM-Canada Consultation) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមដោយឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកនីមួយៗ ឯកឧត្តម Jay Allen អគ្គនាយកគោលនយោបាយពាណិជ្ជកម្មនិងជាប្រធានក្រុមចរចាពាណិជ្ជកម្មកាណាដា គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាននិងកាណាដា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនសមាជិកអង្គប្រជុំទាំងអស់ និងបានលើកទ្បើងអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអាស៊ាន និងកាណាដា ជាពិសេសការរីកចម្រើននៃពាណិជ្ជកម្មអាស៊ាន-កាណាដា ដែលជាចលករជំរុញឱ្យមានការចាប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA)។ បើទោះជាភាគីទាំងពីរទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ យោងតាមទិន្នន័យអាស៊ានឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទំនិញអាស៊ាន-កាណាដាមានតម្លៃសរុប ១៩,៩ពាន់លានដុល្លារអាមេរិក ដែលបង្ហាញពីការថយចុះបន្តិចគឺប្រមាណ ២,៤% ធៀបនឹងឆ្នាំ២០១៩។ នៅឆ្នាំ២០២០នេះផងដែរ ទំហំវិនិយោគផ្ទាល់ពីបរទេស (FDI) ពីកាណាដាទៅកាន់រដ្ឋសមាជិកអាស៊ានបានកើនឡើងដល់ ១២,៥ ពាន់លានដុល្លារអាមេរិក ឬកើនឡើង ១១,៧% ធៀបនឹងឆ្នាំ២០១៩ ខណៈដែលទំហំ FDI ពីរដ្ឋសមាជិកអាស៊ានទៅកាន់កាណាដា គឺ ១,២ពាន់លានដុល្លារអាមេរិក ឬធ្លាក់ចុះ០,៩% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
ក្នុងនោះ អង្គប្រជុំបានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលលើឯកសារសំខាន់ៗដើម្បីត្រៀមសម្រាប់ចរចាកិច្ចព្រមព្រៀង ACFTA រួមមាន៖
- លក្ខខណ្ឌប្រតិបត្តិ (Term of Reference) នៃគណៈកម្មាធិការចរចាពាណិជ្ជកម្ម (TNC) នៃកិច្ចព្រមព្រៀង ACFTA
- រចនាសម្ព័ន្ធ នៃការចរចាកិច្ចព្រមព្រៀង ACAFTA
- ផែនការការងារ នៃកិច្ចព្រមព្រៀង ACFTA និង
- សមាសធាតុសំខាន់ៗសម្រាប់ការចរចាកិច្ចព្រមព្រៀង ACAFTA
នៅកិច្ចបញ្ចប់ ប្រជុំនេះបានបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយភាគីអាស៊ាន និងកាណាដា បានបញ្ជា្កក់សារជាថ្មីនូវការប្តេជ្ញាចិត្តបញ្ចប់ការចរចាកិច្ចព្រមព្រៀង ACAFTA នេះនៅឆ្នាំ២០២៣៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣