ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៤:៤១ នាទី រសៀល
👁 0
(ប៊ូសាន, កូរ៉េ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដោយបានពិភាក្សា លើស្ថានភាពវិវឌ្ឍពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ក៏ដូចជាបញ្ហាស្តីពីកិច្ចព្រមព្រៀងអាសិប។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តោតការពិភាក្សាសំខាន់លើលទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដោយបានស្នើសុំឲ្យភាគីកូរ៉េពិនិត្យលទ្ធភាពជួយបង្កើនការបញ្ជារទិញទំនិញបន្ថែមពីកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យវិនិយោគិនកូរ៉េមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។
បន្ទាប់ពីជំនួបទ្វេភាគី រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី កម្ពុជា-កូរ៉េ ដែលតាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងជួយពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញទំនិញ និងសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ គឺមានទំហំប្រមាណ ៧៥៦លានដុល្លាសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ១៤.៦៩% បើធៀបនឹងឆ្នាំ២០១៧។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េ រួមមាន អាវយឺត សម្លៀកបំពាក់ ផ្នែកគ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលី តង់ និងកៅស៊ូធម្មជាតិ ។ល។ ទំនិញនាំចូលសំខាន់របស់កម្ពុជាពីកូរ៉េ រួមមាន រថយន្ត ក្រណាត់ ទឹករ៉ែធម្មជាតិ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងផលិតផលថែរក្សាសម្រស់ ។ល។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣