ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ១០:៤០ នាទី ព្រឹក
👁 0
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចំាព្រះរាជាណាចក្រកម្ពុជា (និវេសនដ្ឋាននៅទីក្រុងហាណូយ) ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង វិស័យពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី នាពេលខាងមុខ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរ ជូនចំពោះ ឯកឧត្តម អាលី អាកបា ណាហ្សារី ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំកម្ពុជា និងថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមជឿជាក់ថា តាមរយៈតួនាទីការទូតដ៏មានសារៈសំខាន់ផ្សារភ្ជាប់នឹងចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ភាគីទាំងពីរនឹងមានលទ្ធភាពពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសពង្រីកកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។
ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគ និងបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលមានលក្ខណៈអំណោយផលដល់វិនិយោគិន និងធុរជនទាំងក្នុងស្រុកនិងបរទេស ប្រកបដោយបរិយាប័ន្ន និងចីរភាព។ ទន្ទឹមនឹងនោះ ក៏បានលើកទឹកចិត្តវិនិយោគិនអ៊ីរ៉ង់ឱ្យចាប់យកឱកាសផ្នែកសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ឬការចូលរួមក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ ឬការវិនិយោគលើផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ទំនិញសម្រាប់ការធ្វើដំណើរ កង់ និងវាយនភ័ណ្ឌ ដើម្បីអាចប្រើប្រាស់ពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជា-ចិននិងកម្ពុជា-កូរ៉េ ក្របខណ្ឌអាស៊ានបូកដៃគូ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP)។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្តីសោមនស្សចំពោះកិច្ចស្វាគមន៍ និងបានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលនិងដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឱកាសដែលកម្ពុជាជាប្រធានអាស៊ាន២០២២ និងជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ព្រមទាំងបានបើកសកម្មភាពសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យទូទាំងប្រទេស ក្នុងគន្លងប្រក្រតីភាពថ្មី។
បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអ៊ីរ៉ង់ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ឯកឧត្តម យល់ឃើញថាប្រទេសទាំងពីរសុទ្ធសឹងតែមានសក្តានុពលជាពិសេសក្នុងវិស័យពាណិជ្ជកម្មដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរផលិតផលសក្តានុពល និងការផ្តល់ច្រកទីផ្សារសក្តានុពលសម្រាប់ការនាំចេញទៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាស៊ាន ដែលមានប្រជាជនសរុបប្រមាណ ១,២០០ លាននាក់។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានធ្វើការចាប់អារម្មណ៍បន្ថែមលើកិច្ចសហប្រតិបត្តិការជាសារវ័ន្ត រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស ការវិនិយោគ និងកិច្ចសហការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានបង្ហាញអំពីបំណងក្នុងការផ្គត់ផ្គង់មុខទំនិញសក្តានុពលរបស់អ៊ីរ៉ង់រួមមាន៖ ថ្នាំពេទ្យ ប្រេងនិងឧស្ម័ន និងឥន្ធនៈ។
ក្នុងន័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើឱ្យភាគីទាំងពីរពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ ដើម្បីអាចប្រើប្រាស់ជាក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដូចដែលភាគីអ៊ីរ៉ង់មានជាមួយថៃ វៀតណាម ម៉ាឡេស៊ី ចិន និងរុស្ស៊ី ។ល។ តាមរយៈក្របខណ្ឌនៃគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះនេះ ភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដែលជាសក្តានុពល សំដៅបម្រើដល់ខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបើកជំហរ និងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ដែលអាចចូលរួមចំណែកក្នុងបច្ច័យនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់ប្រជាជាតិទាំងមូល។ ក្រសួងពាណិជ្ជកម្មកម្ពុជានឹងពិចារណាលើសំណើររបស់ភាគីអ៊ីរ៉ង់ និងជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលដទៃទៀតនាពេលអនាគត សំដៅដល់ការលើកកម្ពស់ការធ្វើធុរកិច្ចនិងវិនិយោគរវាងគ្នា ការចែករំលែកទៅវិញទៅមកនូវចំណេះដឹងនិងបទពិសោធន៍ល្អៗ ការពង្រឹងភាពជាដៃគូបំពេញឱ្យគ្នាទៅវិញទៅមក និងជាពិសេសការជំរុញកំណើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ដែលបច្ចុប្បន្ននៅមានទំហំតិចតួចនៅឡើយ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣