ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ០៩:៤៨ នាទី យប់

👁 19

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូកក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំង ឯកឧត្តម ឧកញ៉ា លោក លោស្រី និងដៃគូពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានខិតខំអនុវត្ត និងសម្រេចការងារក្នុងឆ្នាំកន្លងមក និងរៀបចំគោលដៅសម្រាប់ឆ្នាំខាងមុខ បន្តទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា សហព័ន្ធស្រូវអង្ករកម្ពុជាបានដើរយ៉ាងសំខាន់ ក្នុងវិស័យស្រូវអង្ករនៅកម្ពុជា និងបានធ្វើការងារយ៉ាងជិតស្និទ្ធិជាមួយក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយថែរក្សាស្ថិរភាពតម្លៃអង្ករលើទីផ្សារក្នុងស្រុក តួយ៉ាងនៅក្នុងតំបន់បិទខ្ទប់ ក្នុងកាលៈទេសៈកូវីដ១៩ កន្លងមក ព្រមទាំងបានរួមចំណែកក្នុងចលនាសម្របសម្រួលដល់ការនាំចេញ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្រសួងពាណិជ្ជកម្មតែងយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយក្នុងការជួយដល់វិស័យនេះ ឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង។ ជាក់ស្តែងកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងបានរៀបចំឱ្យមានការសិក្សាស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីពីថ្លៃដើមពីការផលិតរហូតដល់ការនាំចេញអង្ករទៅទីផ្សារ ក្រោមកិច្ចសហប្រតិបត្តិការនិងជំនួយហិរញ្ញវត្ថុពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជាដោយអូស្ត្រាលី (CAVAC) ដែលការសិក្សានេះ នឹងក្លាយជាមូលដ្ឋានចំាបាច់សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាយើង កាន់តែមានភាពប្រកួតប្រជែង។ ម្យ៉ាងទៀត យោងតាមការស្នើសុំពីសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម ក៏បានខិតខំជួយដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបាននូវការបន្តជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារ លើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ០៥ឆ្នាំ បន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវដែលបានផុតអាយុកាលនៃការលើកលែងពន្ធតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៧៧៩ សហវ.ប្រក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងទៀតថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្មតាមរយៈការបញ្ចូលមុខទំនិញទាំងនេះ ទៅក្នុងបញ្ជីទំនិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងការចរចាទ្វេរភាគីជាមួយប្រទេសនានា ជាពិសេសជាមួយប្រទេសចិន ដែលជាទីផ្សារកំពុងទទួលកំណើនសម្រាប់ការនាំចេញអង្ករកម្ពុជា ពោលគឺគ្របដណ្តប់លើបរិមាណនាំចេញសរុប រហូតដល់ ៥០% ក្នុងឆ្នាំ២០២១ ហើយក្នុងឆ្នាំ២០២២ នេះអាចនឹងបន្តកើនឡើងថែមទៀត។ កំណើននេះ គឺដោយសារមានការប្តេជ្ញាចិត្តខ្ពស់ពីភាគីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ក្នុងបរិមាណចំនួន ៤០ម៉ឺនតោន ដែលឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ បានទទួលការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចុះហត្ថលេខាកាលពីខែវិច្ឆិកា  ឆ្នាំ២០២១ ហើយចាប់អនុវត្តពីខែមករា ឆ្នាំ២០២២ នេះតទៅ។ អនុស្សរណៈយោគយល់គ្នានេះនឹងជួយបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជាប្រព្រឹត្តទៅបានរលូន ដែលបច្ចុប្បន្ននេះ យើងបានសង្កេតឃើញថាការនាំចេញអង្ករទៅប្រទេសចិនក្នុងខែមករា ឆ្នាំ២០២២នេះ គឺស្មើជាង ៥០%  នៃការនាំចេញអង្ករសរុប។

ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្មមិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងប៉ុណ្ណោះទេ ក្រសួងក៏បានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្មរវាងកសិករខ្នាតតូចជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលបានកំពុងអនុវត្តតាមរយៈគម្រោង AIMs និងទទួលបានការគាំទ្រហិរញ្ញវត្ថុដោយរាជរដ្ឋាភិបាល និង IFAD ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានដាក់ជូននូវអនុសាសន៍ណែនាំមួយចំនួន ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំផែនការ និងការអនុវត្តផែនការសកម្មភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត មានដូចខាងក្រោម៖

១. បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង អនុវត្តឱ្យបានខ្ជាប់ខ្លួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងក្រមសីសធម៌ឱ្យបានល្អ រវាងសមាជិកសហព័ន្ធទាំងអស់ ដើម្បីជាកម្លាំងបំពេញឱ្យគ្នាទៅវិញទៅមក លើការផ្គត់ផ្គង់សម្រាប់ការនាំចេញ និងការដោះស្រាយបញ្ហាប្រឈមនានា។

២. ពិចារណាលើការរៀបចំឱ្យមានការរួបរួមលើយន្តការនាំចេញរួម តាមរបៀបក្រុមហ៊ុនសហព័ន្ធរួម (Export Consortium) សម្រាប់ទីផ្សារធំៗ ដែលមានតម្រូវការបរិមាណច្រើន ដែលយន្តការនេះធ្លាប់មានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពាក់កណ្តាលឆ្នាំ២០១៩ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី អាណត្តិទី៣ នៃសហព័ន្ធស្រូវអង្ករកម្ពុជា កន្លងទៅ។

៣. បន្តធ្វើការជាមួយអង្គការដៃគូអន្តរជាតិ និងស្ថាប័នមានសមត្ថកិច្ចនានា រៀបចំនូវម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រ និងម៉ាកសម្គាល់រួម លើប្រភេទអង្ករផ្សេងៗ ដែលឆ្លើយតបទៅនឹងស្ថានភាពនៃការវិវត្តទីផ្សារ ហើយដែលក្រសួងពាណិជ្ជកម្មត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការលើការងារនេះ។

៤. បន្តសហការជិតស្និទ្ធជាមួយក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម ដើម្បីទប់ស្កាត់អតិផរណាតម្លៃស្រូវអង្ករ សំដៅធានាបានការផ្គត់ផ្គង់ និងសន្តិសុខស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋ។

៥. បន្តចូលរួមយ៉ាងសកម្មជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីនាំយកនូវប្រភេទអង្ករ និងផលិតផលធ្វើអំពីអង្ករដែលមានម៉ាក និងបានចុះបញ្ជីច្បាស់លាស់ដែលមានស្រាប់ និងលេចរូបរាងឡើងនាពេលខាងមុខ ក្នុងការដាក់តាំងឱ្យមានភាពលេចធ្លោ និងការដាំបាយបង្ហាញ ដូចបានធ្វើកន្លងមកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo នៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួមកន្លងមក។

៦. ពិភាក្សាជាមួយសមាគមន៍ ឬសហព័ន្ធនៃបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ាន ដើម្បីពិចារណា និងឈានទៅបង្កើតសហព័ន្ធស្រូវអង្ករអាស៊ានមួយ ដែលអាចងាយស្រួលធ្វើការទំនាក់ទំនង និងការស្វែងរកទីផ្សារជាមួយគ្នាផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ