ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Mohamed Azmin Ali ទេសរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្មម៉ាឡេស៊ី

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ១០:៤៦ នាទី ព្រឹក

👁 8

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dato’ Seri Mohamed Azmin Ali ទេសរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី និងសហការី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី និងសហការី ក្នុងអំទ្បុងនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម Dato’ Sri Ismail Sabri bin Yaakob នាយករដ្ឋមន្រ្តីម៉ាទ្បេស៊ី នៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសនៃការប្រារព្វរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ាទ្បេស៊ីក្នុងឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានសាទរចំពោះកំណើនពាណិជ្ជកម្មដ៏រឹងមាំដែលភាគីទាំងពីរសម្រេចបានក្នុងកាលៈទេសៈនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរក្សានូវទីផ្សារបើកចំហរ និងសម្រួលការវិនិយោគ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ % ធៀបនឹងឆ្នាំ២០២០ ហើយក្នុងនោះម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨% បើធៀបនឹងឆ្នាំ២០២០។  

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការរួមចំណែកស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវច្បាប់សំខាន់ៗ រួមមានជាអាទិ៍ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ-ឯកជន ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដើម្បីគាំទ្រ និងសម្រួលដល់វិស័យឯកជន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យភាគីម៉ាទ្បេស៊ី បន្តជំរុញនិងបង្កើនវិនិយោគិនម៉ាឡេស៊ីមកកម្ពុជាបន្ថែមទៀត ព្រមទាំងបង្កើនការនាំចូលកសិផលសក្តានុពលពីកម្ពុជា ជាពិសេស អង្ករកម្ពុជា ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មម្ហូបអាហារហាឡាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តី បានចូលរួមអបអរសាទរនូវការរំលឹកខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា កម្ពុជានៅតែជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ និងជាទីតាំងយុទ្ធសាស្រ្តសម្រាប់ម៉ាទ្បេស៊ី ក្នុងខ្សែច្រវាក់ផ្តត់ផ្គង់តំបន់ ហើយនឹងបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបតិ្តការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន។  

ក្នុងនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះការបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរ ហើយបានបញ្ជាក់ពីគោលបំណងក្នុងការពង្រីកការវិនិយោគមកកម្ពុជា ដើម្បីចូលរួមចំណែកបង្កើនឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាដើម្បីទាញអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងអាសិបដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ កន្លងមក។  

លើសពីនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសំណើរបស់កម្ពុជា ក្នុងការពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈយោគយល់គ្នារលើការជំរុញនិងបង្កើនការនាំចូលអង្ករកម្ពុជា និងផលិតផលកសិកម្មសំខាន់ៗផ្សេងទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី ជម្រាបជូនផងដែរថា ម៉ាឡេស៊ី និងសហការជាមួយភាគីពាក់ព័ន្ធ ពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិលើវិស័យផលិតកម្មម្ហូបហាទ្បាល់ និងផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាការបណ្តុះបណ្តាលផលិតកម្មម្ហូបអាហារហាទ្បាល់នៅកម្ពុជា ផងដែរ ។

ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី Mohamed Azmin Ali បានថ្លែងអបអរសាទរកម្ពុជាដែលបានជ្រើសរើសនូវមូលបទ (ASEAN : Addressing Challenges Together) ដែលត្រូវទៅនឹងភាពចាំបាច់នៃស្ថានភាពបច្ចុប្បន្ន ជាពិសេសបានបញ្ជាក់ពីការប្តេជ្ញាចិត្តផ្តល់គាំទ្រយ៉ាងពេញលេញចំពោះឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ហើយសង្ឃឹមយ៉ាងមុតមាំថាអាស៊ាននឹងអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ