ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើទី៥៣

ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ១០:៥៩ នាទី ព្រឹក

👁 7

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីថ្ងៃទី២១-២២ និង២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) ក្នុងឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ (The First Meeting of the ASEAN Senior Economic Officials for the Fifty-Third Meeting of the ASEAN Economic Ministers – SEOM 1/53)  តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមដោយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកអាស៊ានទាំងអស់ និងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាននីមួយៗ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនសមាជិកអង្គប្រជុំទាំងអស់ និងស្នើសុំផ្តល់នូវការគាំទ្រ និងចូលរួមផ្លាស់ប្តូរមតិយោបល់លើបញ្ហាតាមរបៀបវារៈនីមួយៗ ដើម្បីដោះស្រាយរួមគ្នា។

អង្គប្រជុំ បានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ (១) សមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PEDs) របស់កម្ពុជាសម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២, (២) អាទិភាពប្រចាំឆ្នាំ២០២២ របស់ក្រុមការងារអន្តរវិស័យ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន, (៣) កម្មវិធីការងាររបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្រចាំឆ្នាំ២០២២, (៤) បច្ចុប្បន្នភាពនៃការអនុវត្តក្របខ័ណ្ឌស្តារឡើងគ្រប់ជ្រុងជ្រោយអាស៊ាន (ACRF), (៥) ការត្រៀមរៀបចំដើម្បីប្រកាសបើកការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន, (៦) ការពិនិត្យលទ្ធភាពដើម្បីពន្យារសុពលភាពអនុស្សរណៈយោគយល់ស្តីពីការអនុវត្តវិធានការមិនមែនពន្ធគយលើមុខទំនិញចាំបាច់ និងការពង្រីកបញ្ជីទំនិញចាំបាច់, (៧) វឌ្ឍនភាពនិងកិច្ចការបន្ទាប់ ស្ថិតក្រោមទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងដៃគូអាស៊ាន និងបញ្ហាផ្សេងៗទៀតជាច្រើន។

ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការរៀបចំបញ្ជី PEDs កម្ពុជាបានជម្រាបអង្គប្រជុំអំពីវឌ្ឍនភាពចុងក្រោយ ដោយក្នុងនោះកម្ពុជាបានស្នើ PEDs ចំនួន ២ បន្ថែមទៀតក្រោមវិស័យហិរញ្ញវត្ថុ ព្រមទាំងបានឆ្លើយតបចំពោះមតិយោបល់ទាំងឡាយរបស់ប្រទេសសមាជិកអាស៊ានទៅលើសេចក្តីព្រាងឯកសារទស្សនទានសម្រាប់សមិទ្ធផលអាទិភាពសេដ្ឋកិច្ចនីមួយៗផងដែរ។ ជាលទ្ធផល កិច្ចប្រជុំបានឯកភាពជាគោលការណ៍ និងស្នើឱ្យសមាជិកអាស៊ានទាំងអស់ផ្តល់មតិយោបល់ចុងក្រោយលើ PEDs ដែលនៅសេសសល់ដទៃទៀត ដើម្បីត្រៀមបញ្ជូនដាក់ជូនកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ ពិនិត្យនិងអនុម័ត នៅថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។

ចំពោះអាទិភាពប្រចាំឆ្នាំ២០២២ របស់ក្រុមការងារអន្តរវិស័យ អង្គប្រជុំបានកត់សម្គាល់ សម្តែងការស្វាគមន៍ និងបានណែនាំឱ្យក្រុមការងារនីមួយៗខិតខំប្រឹងប្រែងពិភាក្សា និងតាមដានការអនុវត្តការងារអាទិភាពទាំងនេះ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានានូវប្រសិទ្ធភាពក្នុងការសម្រេចបានការងារនីមួយៗតាមពេលកំណត់។ ឯកឧត្តមប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់ផងដែរថា អាទិភាពប្រចាំឆ្នាំ២០២២ របស់ក្រុមការងារអន្តរវិស័យ ត្រូវតែឆ្លុះបញ្ចាំងអំពីទិសដៅរួមរបស់អាស៊ានក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់ ជាពិសេសរួមចំណែកក្នុងការលើកកម្ពស់ការអនុវត្តផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ផងដែរ។

មួយវិញទៀត អង្គប្រជុំបានកត់សម្គាល់លើវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមនានា ដែលស្ថិតនៅក្រោមក្របខ័ណ្ឌស្តារឡើងគ្រប់ជ្រុងជ្រោយអាស៊ាន (ACRF) ជាពិសេសសកម្មភាពទាំងឡាយដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ ឯកឧត្តមប្រធាន បានបញ្ជាក់ទៅកាន់អង្គប្រជុំទាំងមូលថា វិបត្តិកូវីដ១៩ នៅតែបន្តរំខានដល់សេដ្ឋកិច្ចនិងសង្គម ទាំងក្នុងតំបន់និងសាកលលោក ដូច្នេះ ក្របខ័ណ្ឌ ACRF នៅតែជាយន្តការស្នូលរបស់អាស៊ានដើម្បីឆ្លើយតបនឹងវិបត្តិនេះ។ ក្នុងន័យនេះ ឯកឧត្តម បានណែនាំឱ្យក្រុមការងារអន្តរវិស័យ ដែលស្ថិតក្រោមដែនសមត្ថកិច្ចឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ខិតខំប្រឹងប្រែងអនុវត្តគំនិតផ្តួចផ្តើមដែលពាក់ព័ន្ធទាំងឡាយរបស់ក្របខ័ណ្ឌ ACFR បន្ថែមទៀត ព្រមទាំងត្រូវធ្វើការតាមដានជាប្រចាំលើការអនុវត្តទាំងនោះ និងត្រូវរាយការណ៍ជូនកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ការណែនាំបន្ថែមទៀត។ ស្របគ្នានោះ ចំពោះការពិនិត្យលទ្ធភាពដើម្បីពន្យារសុពលភាពអនុស្សរណៈយោគយល់ស្តីពីការអនុវត្តវិធានការមិនមែនពន្ធគយលើមុខទំនិញចាំបាច់ និងការពង្រីកបញ្ជីទំនិញចាំបាច់ កិច្ចប្រជុំបានកត់សម្គាល់ថា អនុស្សារណៈយោគយល់នេះ ត្រូវបានពន្យារសុពលភាពបន្ថែមចំនួនពីរឆ្នាំទៀត គឺរហូតដល់ខែវិច្ឆិកាឆ្នាំ២០២៤ ហើយបច្ចុប្បន្នក្រុមការងារពាក់ព័ន្ធបានឯកភាពពង្រីកបញ្ជីមុខទំនិញចាំបាច់បន្ថែមទៀត ដោយធ្វើការពិភាក្សាក្នុងស្រុកចំពោះមុខទំនិញដែលនឹងត្រូវដាក់បញ្ចូល។

ចំពោះទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសដៃគូអាស៊ាន កិច្ចប្រជុំបានពិភាក្សាលើកិច្ចការជាច្រើនដូចជា៖ (១) ការត្រៀមរៀបចំនានាដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា, (២) ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូអាស៊ានមួយចំនួន រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និង (៣) ការរៀបចំសេចក្តីព្រាង នៃសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប។

សមាជិកអង្គប្រជុំទាំងអស់ ក៏បានផ្លាស់ប្តូរមតិយោបល់ ពិភាក្សា និងចូលរួមយ៉ាងសកម្មទៅលើរបៀបវារៈផ្សេងៗទៀតជាច្រើន ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ