ព្រះរាជាណាចក្រកម្ពុជា ត្រៀមលក្ខណៈចូលរួមពិព័រណ៍ពិភពលោកនៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម នាខែតុលា ឆ្នាំ២០២១ ខាងមុខ

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ០៣:៣៦ នាទី យប់

👁 9

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ក្រោមការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកគណៈកម្មការអន្តរក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមជនបង្គោលតំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្តីលេខាធិការដ្ឋានសរុបចំនួន ៤០ រូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង បានជម្រាបពីស្ថានភាពប្រែប្រួលនៃសមាសភាពសមាជិកគណៈកម្មការអន្តរក្រសួងក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី និងការងារប្រតិបត្តិមួយចំនួនរបស់ គណៈកម្មការ ក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ-១៩ ដើម្បីកម្ពុជាត្រៀមលក្ខណៈទៅរៀបចំ និងចូលរួមពិព័រណ៍ពិភពលោកនៅទីក្រុងឌុយបៃ នាអំឡុងខែតុលា ឆ្នាំ២០២១ខាងមុខ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសហភាពអារ៉ាប់រួម។ គោលបំណងនៃកិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីរាយការណ៍ជូនសមាជិកគណៈកម្មការអន្តរក្រសួងពីវឌ្ឍនភាពការងារដែលបានអនុវត្តន៍ចាប់តាំងពីកម្ពុជាបានបញ្ជាក់ពីការចូលរួមក្នុងពិព័រណ៍ពិភពលោកឌុយបៃ២០២០ កាលពីឆ្នាំ២០១៦កន្លងមករហូតមកដល់បច្ចុប្បន្ន ពិនិត្យ និងអនុម័តលើគំរូប្លង់ពន្លាជាតិ និងជ្រើសរើសក្រុមហ៊ុនទទួលសេវាតុបតែងពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោកឌុយបៃ។

គួររំលឹកថា ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ត្រូវបានលើកពេលរៀបចំមួយឆ្នាំ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលកាលបរិច្ឆេទថ្មីនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ហើយ កាលបរិច្ឆេទបិទបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានប្រទេស និងអង្គការអន្តរជាតិធំៗ ចូលរួមប្រមាណជិត ២០០ ប្រទេស។ តាមការរំពឹងទុក ពិព័រណ៍នេះ នឹងមានអ្នកចូលរួមទស្សនាប្រមាណ ២៥ លាននាក់ ក្នុងនេះ ៧០% មកពីបរទេស។ ប្រទេសកម្ពុជា គ្រោងនឹងរៀបចំសាងសង់ពន្លាជាតិនៅលើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រការ៉េ មានកម្ពស់២ជាន់។ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនា គណៈកម្មការនឹងរៀបចំតុបតែងលម្អពីស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រ ដោយរួមបញ្ចូលសម័យកាលចំនួន ៤ គឺ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬឧត្តុង្គ និង សម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន រួមផ្សំដោយសម្រស់ធម្មជាតិ ប្រព័ន្ធ Ecosystem និងវិស័យកសិកម្ម ដែលនឹងធ្វើឲ្យពន្លាជាតិមានភាពលេចធ្លោ ស្របតាមប្រធានបទដែលបានជ្រើសរើសគឺ “ ចីរភាព Sustainability “។ គណៈកម្មការក៏បានសម្រេចជ្រើសរើសយក ក្រុមហ៊ុន PICO International Malaysia ជាអ្នកទទួលការសាងសង់ រចនាតុបតែងពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោកឌុយបៃនេះផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ