ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ០៦:០៨ នាទី ល្ងាច
👁 19
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោក Lavan Thiru នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Infrastructure Asia នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើចំនុចសំខាន់ៗមួយចំនួន រួមមាន៖ (១) ក្របខ័ណ្ឌច្បាប់និងបទដ្ឋានគតិយុត្តរបស់កម្ពុជាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) (២) ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វិស័យឯកជន និង (៣) ការចែករំលែកព័ត៌មានអំពីគម្រោងនានាដែល Infrastructure Asia បាននិងកំពុងប្រតិបត្តិក្នុងប្រទេសកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ចំពោះវត្តមានរបស់នាយកប្រតិបត្តិ និងប្រតិភូក្រុមហ៊ុន Infrastructure Asia និងបានគូសបញ្ជាក់អំពីសារៈសំខាន់ និងការអភិវឌ្ឍក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធ
អេឡិចត្រូនិកនៅកម្ពុជា ទាំងក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងនៅក្នុងវិស័យឯកជន ព្រមទាំងលើកឡើងអំពីការយកចិត្តទុកដាក់ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ យន្តការនិងគោលនយោបាយលើកទឹកចិត្តផ្សេងៗក្រោមក្របខណ្ឌគតិយុត្តដែលមានស្រាប់ និងក្របខណ្ឌច្បាប់វិនិយោគថ្មីដែលទើបនឹងចូលជាធរមាន និងកិច្ចសម្រួលពាណិជ្ជកម្មផ្សេងៗទៀត។
ជាកិច្ចឆ្លើយតប លោក Lavan Thiru បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម និងឯកឧត្តមរដ្ឋលេខាធិការដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោក និងក្រុមការងារចូលជួបក្នុងឱកាសនេះ។ លោកនាយកប្រតិបត្តិក៏បានបន្តលើកឡើងអំពីប្រវត្តិសង្ខេប និងគោលបំណងនៃការធ្វើដំណើរទស្សនកិច្ចរបស់ក្រុមការងាររបស់លោកនៅពេលនេះ ដោយមានគោលបំណងសិក្សា និងស្វែងយល់អំពីការអភិវឌ្ឍនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ សំដៅស្វែងរកឱកាសដើម្បីធ្វើការវិនិយោគលើគម្រោងដែលជាទូទៅត្រូវបានមើលរំលងដោយវិស័យឯកជន។
បន្ថែមពីនេះ លោកនាយកប្រតិបត្តិក៏បានជម្រាបជូនអំពីគម្រោងមួយចំនួនដែល Infrastructure Asia កំពុងប្រតិបត្តិនៅកម្ពុជា ដូចជា៖ គម្រោងគ្រប់គ្រង និងបែងចែកកាកសំណល់ (ដំណាក់កាលទី១) និងគម្រោងគ្រប់គ្រងនិងកែច្នៃសម្រាម (ដំណាក់កាលទី២) ជាមួយនឹងក្រសួងបរិស្ថាន, គម្រោងរៀបចំ Phnom Penh Logistics Complex ជាមួយនឹងក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងការសិក្សាសមិទ្ធលទ្ធកម្មចំពោះគម្រោងខ្សែច្រវ៉ាក់ត្រជាក់ដែលនឹងជួយសម្រួលដល់ការប្រមូល និងរក្សាទុកនូវកសិផលឱ្យមានគុណភាពខ្ពស់។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយក្រុមហ៊ុន Infrastructure Asia និងរដ្ឋាភិបាលនៃប្រទេសសិង្ហបុរី ព្រមទាំងសម្តែងការស្វាគមន៍ និងលើកទឹកចិត្តឱ្យមានវិនិយោគិនសឹង្ហបុរីបន្ថែមទៀត សំដៅជំរុញអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ក៏ដូចជាលើកកម្ពស់វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរឡើង៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣