ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៦:២១ នាទី ល្ងាច
👁 3
(ភំ្នពេញ)៖ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបឯកឧត្តម Saleh Mohamed Ahmed Al Suqri ឯកអគ្គរាជទូតតែងតាំងថ្មីនៃប្រទេសអូម៉ង់ ប្រចំាព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅបន្តលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី នាពេលខាងមុខ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតអូម៉ង់ប្រចាំកម្ពុជា និងបានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាមួយគ្នានេះ លោកជំទាវបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មការទូតដ៏មានអត្ថន័យជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កម្ពុជា និងអូម៉ង់នឹងមានលទ្ធភាពពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។
លោកជំទាវ បានជម្រាបជូនពីកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ដែលទ្រទ្រង់ដល់ធុរជន និងវិនិយោគិនគ្រប់ទីមជ្ឈដ្ឋាន ជាក់ស្តែងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និងក្របខណ្ឌអាស៊ានបូកដៃគូ និងអសិប(RCEP)។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូនពី “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” ដែលមានសសរស្តម្ភចំនួន ៣ គឺ ការស្តាឡើងវិញ ការកែទម្រង់ និងការកសាងភាពធន់ ព្រមទាំងសមិទ្ធផលខ្ពស់នៃយុទ្ធនាការចាក់វ៉ាក់សាំង ដែលញ៉ាំងឱ្យមានការបើកសកម្មភាពសេដ្ឋកិច្ច-សង្គមក្នុងគ្រប់វិស័យទូទាំងប្រទេសឡើងវិញ។ ក្នុងន័យនេះ លោកជំទាវបានលើកទឹកចិត្តវិនិយោគិនអូម៉ង់ចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការវិនិយោគលើផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន អង្ករ កៅស៊ូ ចេក ស្វាយ គ្រឿងអេឡិចត្រូនិច ទំនិញសម្រាប់ការធ្វើដំណើរ និងវាយនភ័ណ្ឌ។-ល-។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍ និងការផ្តល់ព័ត៌មានដ៏ពិស្តារ អំពីបរិយាកាសវិនិយោគនិងធុរកិច្ច ព្រមទាំងបានកោតសសើរអំពីសុខសន្តិភាពរបស់កម្ពុជា និងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីការប្តេជ្ញាខ្ពស់របស់ភាគីអូម៉ង់ ដើម្បីលើកស្ទួយទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ កំពង់ផែអន្តរជាតិ និងសភាពាណិជ្ជកម្ម។
ជាងនេះទៅទៀត ឯកឧត្តមបានស្នើឱ្យមានការជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងធុរជន តាមរយៈការចូលរួមការតាំងពិព័រណ៌នានារបស់ភាគីទាំងពីរ ហើយបានស្នើឱ្យពិនិត្យលទ្ធភាពបង្កើតអនុស្សរណៈ ឬកិច្ចព្រមព្រៀងផ្សេងៗ ទៅតាមវិស័យអាទិភាពនីមួយៗរបស់ប្រទេសទាំងពីរ។
សូមបញ្ជាក់ថា៖ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូម៉ង់ សម្រេចបានប្រមាណ ៥,៥ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០និង២០២១ រីឯមុខទំនិញគឺភាគច្រើនជាទំនិញវាយនភណ្ឌ ជី និង រ៉ែ។ បើទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត ប្រទេសទាំងពីរមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងផ្តល់នូវកាលានុវត្តភាពក្នុងការជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើង នាពេលអនាគត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣