ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៦:៣៤ នាទី ល្ងាច
👁 7
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Katrina Cooper អនុលេខាធិការទទួលបន្ទុកអាស៊ីអគ្នេយ៍ និងក្រុមដៃគូសកលនៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី អមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្ដី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ Katrina Cooper និងសហការី ព្រមទាំងបានអបអរសាទរដែលលោកជំទាវបានទទួលភារកិច្ចថ្មីជាអនុលេខាធិការទទួលបន្ទុកអាស៊ីអគ្នេយ៍ និងក្រុមដៃគូសកលនៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី និងបានថ្លែងអបអរសាទរចំពោះការបង្កើតចំណងការទូតរយៈពេល ៧០ ឆ្នាំមកនេះ រវាងកម្ពុជានិងអូស្រ្តាលី។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានជម្រាបជូនអំពីការរីកចម្រើនវិស័យពាណិជ្ជកម្មទ្វេភាគី ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ ក៏ដោយ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ មានទំហំ ៣២៤ លានដុលា្លរ កើនទ្បើង ៥២% បើធៀបនឹងឆ្នាំ២០២០។ បន្ថែមពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការរៀបចំបញ្ជីសមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN : Addressing Challenges Together) ក្នុងនោះ ក៏បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿននូវកិច្ចខិតខំប្រឹងប្រែងសំដៅស្តារឡើងវិញលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អូស្រ្តាលី-នូវែលស្សេឡង់ (AANZFTA) ដែលកម្ពុជា និងអូស្រ្ដាលីជាសមាជិក ផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គនិងអូស្រ្តាលី (Mekong-Australia Partnership) និងការគាំទ្ររបស់អូស្រា្តលីសម្រាប់សមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវអនុលេខាធិការ បានអបអរសាទរចំពោះការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី និងប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ លោកជំទាវក៏បានបញ្ជាក់ពីការគាំទ្ររបស់អូស្រ្តាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ។
នៅកិច្ចបញ្ចប់ ភាគីទាំងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣