ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៦:៥០ នាទី ល្ងាច
👁 10
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក ចូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងសហការី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវគាវរកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ លោក ចូអុក លី (Joo-Ok Lee) និងសហការី ក្នុងអំទ្បុងនៃដំណើរទស្សនកិច្ចរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ដោយបានលើកឡើងអំពីការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរាល់ព្រឹត្តិការណ៍នៃវេទិកាសេដ្ឋកិច្ចពិភពលោកកន្លងមក ជាពិសេសកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកានេះ។
ជាមួយនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃសម្ព័ន្ធសកលសម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម ក្រោមអនុស្សរណៈនៃការយោគយល់រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិង Swisscontact និងបានលើកឡើងអំពីសមិទ្ធផលអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មឌីជីថល ក្នុងនាមជាប្រធានអាស៊ាន ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ផងដែរ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គមកម្ពុជា ២០២១-២០៣៥ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដែលក្របខណ្ឌគោលនយោបាយនេះបានកំណត់ចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់ការទទួលយក និងការផ្លាស់ប្តូរឌីជីថលនៅក្នុងគ្រប់វិស័យនៃសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គមដោយផ្អែកលើគន្លង "ធម្មតាថ្មី"។ ឯកឧត្តមបន្ដថា ដើម្បីទាញយកអត្ថប្រយោជន៍ពីពាណិជ្ជកម្មឌីជីលឱ្យបានកាន់តែច្រើនបន្ថែមទៀត កម្ពុជាបានអនុម័តច្បាប់មួយចំនួន ដូចជាច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក ច្បាប់ស្ដីពីការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីការប្រកួតប្រជែង ជាដើម។
ជាកិច្ចឆ្លើយតប លោក ចូអុក លី (Joo-Ok Lee) បានសម្ដែងនូវក្ដីសោមនស្សចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ដ្រី អំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ព្រមទាំងបានថ្លែងអំណរគុណចំពោះការគាំទ្រសម្ព័ន្ធសកលសម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) និងបានចូលរួមជាអធិបតីក្នុងការសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនៃគម្រោងធ្វើឱ្យប្រសើរឡើង នូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូច សម្រាប់សហគ្រាសធុនតូច និងមធ្យម កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានបង្ហាញនូវការគាំទ្រចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការសម្រេចសមទ្ធិផលអាទិភាព ដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មឌីជីថល និងការសម្រួលវិនិយោគ។ លោកក៏បានបញ្ជាក់ទៀតថា WEF នឹងបន្តសហការបន្ថែមទៀត និងពិនិត្យលទ្ធភាពគាំទ្រលើសមិទ្ធផលអាទិភាពទាំងឡាយរបស់កម្ពុជាដែលចង់សម្រេចបាន ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ផងដែរ។
លោក ចូអុក លី បានបន្ដថា វេទិកាសេដ្ឋកិច្ចពិភពលោក មានបំណងចង់ធ្វើជាដៃគូសហការជាមួយអាស៊ាន ព្រោះអាស៊ានគឺជាតំបន់ដ៏មានសក្ដានុពលមួយក្នុងការផ្គត់ផ្គង់សកល។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នាពេលខាងមុខដ៏ខ្លីនេះ ផងដែរ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់តំណាងវេទិកាសេដ្ឋកិច្ចពិភពលោក និងសហការី ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ថែមទាំងបានអញ្ជើញគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២២ នាពេលខាងមុខ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣