ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤១ នៃក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន

ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ម៉ោង ១០:១១ នាទី ព្រឹក

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (HLTF-EI Lead for Cambodia) បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤១ នៃក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ច   អាស៊ាន (41st HTLF-EI) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយឯកឧត្តម Rizal Affandi Lukman អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី និងមានការចូលរួមពីប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានរបស់ប្រទេសសមាជិកអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងអគ្គលេខាធិការរងអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន ផងដែរ។

នៅក្នុងឱកាសនោះ អង្គប្រជុំទាំងមូលបានសំដែងការអបអរសាទរដល់កម្ពុជាក្នុងការទទួលបានតួនាទីជាប្រធានអាស៊ានឆ្លាស់វេនក្នុងឆ្នាំ២០២២ និងបានបញ្ជក់ពីការប្ដេជ្ញាចិត្តគាំទ្រនិងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។  

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំក្នុងថ្ងៃនេះបានកត់សម្គាល់លើវឌ្ឍនភាពការងារសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ហើយបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗដើម្បីរៀបចំជាអនុសាសន៍ជូន កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (The 28th AEM Retreat) ដែលនឹងធ្វើទ្បើងនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២២ ខាងមុខ រួមមាន៖

១. ការអនុម័តសមិទ្ធិផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២

២. វឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន (ACRF)

៣. បដិវត្តន៍ឧស្សាហកម្មទី៤ (The 4th Industrial Revolution) និងការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation)

៤. វឌ្ឍនភាពនៃក្របខណ្ឌសេដ្ឋកិច្ចវិលជុំ (Circular Economy) សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)

៥. ឯកសារទស្សនាទាន ស្តីពីអព្យាក្រឹត្យកាបូន (Carbon Neutrality)

៦. វឌ្ឍនភាពនៃការរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ (ASEAN Post-2025 Vision) និង

៧. បញ្ហាផ្សេងៗ ដូចជា (១)ផែនការសកម្មភាពក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេទាំង២០(G-20) (២)កិច្ចសហប្រតិបត្តិការអាស៊ាន-វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) (៣)ការតាមដានអនុសាសន៍នៃរបាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិ (Mid-Term Review) នៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (AEC Blueprint 2025) និង (៤)ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យ និង(៥) ការងារសំខាន់ៗមួយចំនួនទៀត៕  

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ